ភ្នំពេញៈ នៅមុននេះបន្តិច សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍តាមរយៈហ្វេសប៊ុកសម្ដេចថា “ខ្ញុំកំពុងធ្វើដំណើរទៅខេត្តកោះកុង ដើម្បីចូលរួមបុណ្យសពអុំ សាយ ភូថង។ នេះ ជាការជូនដំណើរចុងក្រោយសំរាប់ថ្នាក់ដឹកនាំមួយរូប ដែលធ្លាប់រួមសុខរួមទុក្ខ ស៊ីអត់ ស៊ីឃ្លានជាមួយគ្នា ដើម្បីការរស់រាន និងការរីកចំរើនរបស់ជាតិ”។
សម្ដេចបន្តថា ក្នុងមុខនាទីជាអនុប្រធានក្រុមប្រឹក្សារដ្ឋ ជាសមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈចាត់តាំងរបស់គណបក្សប្រជាជនកម្ពុជា លោក សាយ ភូថង បានដើរតួរនាទីយ៉ាងសកម្មដល់ការរៀបចំគោលនយោបាយទាំងក្នុង និងក្រៅប្រទេស យុទ្ធសាស្ត្រយុទ្ធវិធីរបស់បក្ស ព្រមទាំងជាអ្នកគាំទ្រយ៉ាងមោះមុតដល់ការចចារស្វែងរកសន្តិភាពដល់ការកែទម្រង់ខាងនយោបាយ និងសេដ្ឋកិច្ច ដែលសម្ដេចតេជោ បានដាក់ចេញ និងដឹកនាំអនុវត្តក្នុងឋានៈជាប្រធានរដ្ឋាភិបាលនាពេលនោះ។
សម្ដេចថា “ការគាំទ្ររបស់គាត់ចំពោះខ្ញុំ ចំពោះនយោបាយផ្តល់កម្មសិទ្ធិជូនប្រជាជន ការមិនយកពន្ធលើដីធ្លីកសិកម្ម និងការគាំទ្រផ្សេងទៀត ក្នុងការកែទម្រង់នៃសេដ្ឋកិច្ចទីផ្សារ។ល។ មានតម្លៃខ្លាំងណាស់សំរាប់ជោគជ័យរបស់ជាតិ និងប្រជាជននាដំណាក់កាលដ៏លំបាក នោះហើយក៏ជាមូលដ្ឋានសំរាប់ជោគជ័យនាថ្ងៃនេះផងដែរ”។
ក្នុងនោះ សម្ដេចបញ្ជាក់ទៀតថា កក្រៅពីការងារ លោក សាយ ភូថង និងភរិយា បានជួយដល់សម្ដេច និងគ្រួសារប្រៀបដូចជាកូនចៅបង្កើតរបស់ខ្លួន គ្រាដែលភរិយាគាត់តែងតែផ្តល់សាច់ក្រណាត់ដល់ភរិយាសម្ដេច ដើម្បីកាត់ខោអាវឲ្យកូនៗស្លៀកពាក់ផងដែរ។
“រាល់ពេលដែលខ្ញុំជួបអុំ សាយ ភូថងមិនថា នៅផ្ទះគាត់ ឬនៅផ្ទះខ្ញុំ ឬនៅកន្លែងប្រជុំ ខ្ញុំនិងតែងទទួលបាននូវនំចំណីសំរាប់កូនៗព្រោះក្នុងចំណោមមេដឹកនាំសំខាន់ៗ មានតែខ្ញុំម្នាក់ទេ ដែលក្មេងជាងគេ និងមានកូនតូចៗ។ ហ៊ុន ម៉ាណែត និង ហ៊ុន ម៉ាណា បានជួបអុំ សាយ ភូថង ច្រើនជាងគេ ព្រោះកូនទាំង២នេះ តែងតាមខ្ញុំទៅគ្រប់ទីកន្លែង។ សំរាប់ខ្ញុំ និងភរិយា ចាត់ទុកអុំ សាយ ភូថង និងអុំស្រី ដូចឪពុកម្តាយរបស់ខ្លួនដែរ។ ខ្ញុំគ្មានអ្វីដើម្បីតបស្នងសងគុណក្រៅពីធ្វើដំណើរទៅជូនដំណើរ និងលាគ្នាជាចុងក្រោយដោយដំណក់ទឹកភ្នែកនោះឡើយ”។ នេះជាការបញ្ជាក់ដោយក្ដីអាឡោះអាល័យរបស់សម្ដេច៕
មតិយោបល់