ព័ត៌មានជាតិ

ចុះបង្ក្រាបគ្រឿងញៀនក្នុងផ្ទះសំណាក់ លីបុទុម ឃាត់ខ្លួនបានមនុស្សប្រុសស្រី៤នាក់ ក្នុងនោះមានទាំងបុគ្គលិកខារ៉ាអូខេទៀត!

បន្ទាយមានជ័យ: ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ឃាត់ខ្លួនបាន ពាក់ពន្ធ័ករណី រក្សាទុក និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់ លីបុទុម បន្ទប់លេខ ១០៦-១០៧ ភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យទាំង៤នាក់ ទី១ឈ្មោះ ស្មៃ ចន្នី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរគ្មាន បច្ចុប្បន្នរស់នៅភូមិសែសិន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ,ទី២ឈ្មោះ សាម៉ុន រិទី្ធ (ហៅក្តី) ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរគ្មាន បច្ចុប្បន្នរស់នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ , ជនសង្ស័យទី៣ឈ្មោះ ម៉ន ស្រីសរ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ បច្ចុប្បន្នរស់នៅភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ៤ និងជនសង្ស័យទី៤ឈ្មោះ ញាន សាវែង ហៅស្រីដែត ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ បច្ចុប្បន្នរស់នៅភូមិបី សង្កាត់ព្រះពន្លស ក្រុងសិរីសោភ័ណ ។

ក្នុងនោះដែរ កម្លាំងបានធ្វើការដកហូតបាន គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន៣កូនថង់តូច ស្មើ ១.៣៩ក្រាម , ទូរសព្ទដៃចំនួន ២គ្រឿង (ម៉ាកណូគា ១០៥ ពណ៌ខ្មៅ) -នាឡិកាដៃចំនួន១ខ្សែ -ចិញ្ចៀនលោហធាតុពណ៌លឿងចំនួន១វង់ -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងរៀបចំឯកសារបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាងទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់