ព័ត៌មានជាតិ

សំឡេងកូនស្រី​ស្រែកក្នុង​ទូរសព្ទ​​ថា ជួយផងម៉ែ!

ភ្នំពេញ ៖ ដោយ​ការ​បារម្ភ និង​​ភ័យ​​ខ្លាច​​ពី​សុវត្ថិភាព​របស់​កូនស្រី ស្រ្តីជា​ម្តាយ​បាន​​មក​ប្តឹង​ប៉ូលិស​នៅ​ប៉ុស្តិ៍​ចោម​ចៅ កាលពីវេលា​​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ធ្នូ នេះ ដើម្បី​សុំការ​​អន្តរាគមន៍​​ពី​ប៉ូលិសឱ្យ​ជួយ​តាម​រក​​កូនស្រី​​ដែល​កំពុង​បាត់​ខ្លួន បន្ទាប់​​ពី​​​កូន​​ទៅ​លក់​កំ​ពឹស​នៅ​ឯ​ផ្សារ​ត្រពាំង​ថ្លឹង ហៅ​ផ្សារ «​យាយ​ម៉េ​វ​» ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​អត់​ឃើញ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ប្រភព​ឱ្យ​ដឹង​ថា ក្មេង​ស្រី​ដែល​បាត់​ខ្លួននោះ ​ឈ្មោះ​ហ៊ី​ន ស្រី​ណែ​ត អាយុ​១៤​ឆ្នាំ (ជា​កូនស្រី​ពៅ) មាន​ឪពុក​​ឈ្មោះ​គង់ ថន អាយុ​៣៩​ឆ្នាំ និង​ម្តាយ​ឈ្មោះ​ជា អាង អាយុ​៣៦​ឆ្នាំ ពួក​គេ​មានស្រុក​កំណើត​នៅ​ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ ក្បែរ​រោង​ចក្រ​​រោង​ចក្រ​ «​ហុង​ហ្គា​» ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ ខណ្ឌពោធិ៍សែនជ័យ ។

បើ​តាម​សម្តី​ឪពុក​ម្តាយ​ខាងលើ​បាន​រៀបរាប់​​ថា ក្រុម​គ្រួសារ​គាត់​មានមុខ​របរ​ជាអ្នក​លក់​កំ​ពឹស និង​ត្រី​​នៅ​ក្នុង​ផ្សារ​ខាងលើ ដោយ​ឱ្យ​កូនស្រីរូបនោះ ​ជួយ​​​លក់​ជា​​រៀង​រាល់​ព្រឹក ។ នៅ​ថ្ងៃ​កើតហេតុនោះ ដោយ​មិន​ឃើញ​កូនស្រី​​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទេ ដោយ​ពួក​​គាត់​រង់​ចាំ និង​តាម​​រក​​ផង​ដែរ ។ លុះដល់វេលា​​ម៉ោង​០៨​យប់​ថ្ងៃ​ទី​១៤ ធ្នូ ក៏៏​មាន​ទូរសព្ទហៅ​ចូល​មកពួកគាត់​ ​ហើយ​ឮ​សំឡេង​កូន​​ស្រី​​គាត់​និយាយ​​ថា «កំពុងនៅប៉ោយប៉ែត ​​ជួយ​ផង​ម៉ែ​» ​ហើយ​ក៏​បិទ​ទូរសព្ទ​​វិញ ។ ​ពួក​គាត់​ក៏​​ព្យាយាម​តេ​ទៅវិញរាប់រយ​ដង តែ​ត្រូវ​លេខ​នោះ​បិទ​ទូរសព្ទ ​តេ​លែង​​ចូលរហូត​ ។

ឪពុក​ម្តាយ​បាន​បន្ត​ទៀត​ថា កូ​ន​ស្រី​​គាត់​នោះ កន្លង​មកធ្លាប់​រត់​​ចេញពីផ្ទះ​២​ដង​​​ហើយ ដោយ​ម្តង​ខឹង​គាត់ រ​ត់ទៅ​ខេត្ត​ព្រះ​សីហ​នុ តែ​ត្រូវ​​បងប្អូន​នៅទីនោះ សួរ​ចុះឡើង​បាន​លេខ​ទូរសព្ទ​គាត់ ក៏​ជួយ​ខល​ហៅ​គាត់​មក​ទទួលកូន​​វិញ។ មួយ​លើក​ទៀត​ទៅ​លេង​នៅ​​ក្លឹប​កម្សាន្ត​ ក៏​បាត់​ខ្លួន​ទៀត ។

ទោះបីជា​យ៉ាងណា ទោះ​កូនស្រី​មាន​ប្រវត្តិ​ធ្លាប់​ចេញពីផ្ទះយ៉ាងណា​​ក៏​ដោយ តែ​ការ​បាត់​លើក​នេះ ក៏ធ្វើឱ្យ​ពួក​គាត់​​​​​បារម្ភ​ពី​សុវត្ថិ​ភាពកូន​ស្រី​ណាស់ ខ្លាចកូនចាញ់បោក និង​ជឿតាមការញ៉ុះញង់របស់គេ ដូច្នេះ ​ទើប​ពួក​គាត់​មក​​សុំ​ការ​អន្តរាគមន៍​ពី​ប៉ូលិស ​ជួយ​តាម​រក​​តែម្តង ៕

ស្តាប់សម្លេងដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=cNpCORODW9s&feature=youtu.be

មតិយោបល់