ភ្នំពេញៈ បុរស២នាក់ដែល ជាបងប្អូនបង្កើតនឹងគ្នា ត្រូវបានសមត្ថកិច្ច នគរបាលខណ្ឌសែនសុខ តាមចាប់ខ្លួនបានកាលពីម៉ោង៤និង១០នាទីរសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីចូលរួមវាយតប់កាប់ចាក់គ្នាក្នុងរឿងទំនាស់មួយ បណ្តាលឲ្យគូទំនាស់របស់ខ្លួនស្លាប់ម្នាក់ កាល អំឡុងខែធ្នូ ឆ្នាំ២០១៧ នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ជនជាប់ចោទទាំង២នាក់ខាងលើ ទី១. ឈ្មោះ ចាន់ វ៉ាន់ណេត ហៅម៉ាប់ អាយុ២៤ឆ្នាំ គ្មានមុខរបរ មានទីលំនៅភូមិសែនសុខ៤ សង្កាត់ឃ្មួញ។ ទី ២. ឈ្មោះ ចាន់ ដានូ ហៅនូ អាយុ២២ឆ្នាំ គ្មានមុខរបរ មានទីលំនៅភូមិសែនសុខ៣ សង្កាត់ឃ្មួញ។
តាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ មានអំពើហិង្សាមួយ បានកើតតឡើងនៅភូមិសែនសុខ សង្កាត់ឃ្មួញ ដែលបង្កឲ្យមានបុរសម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ដោយសារតែទំនាស់ពាក្យសម្តីក្នុងវង់ផឹកស៊ី។
នៅក្នុងយប់ថ្ងៃកើតហេតុសមត្ថកិច្ចមូលដ្ឋានបានតាមស្រាវជ្រាវចាប់ខ្លួនជនពាក់ព័ន្ធទាំងសងខាងបានចំនួន៦នាក់ យកមកសួរនាំនិងបញ្ជូនទៅតុលាការ ដែលតាមចម្លើយជនទាំង៦នាក់ខាងលើបានឆ្លើយបញ្ជាក់ថា មានបក្ខពួករបស់គេ២នាក់ទៀត (ជនខាងលើ)ជាជនដៃដល់ផ្ទាល់ កំពុងរត់គេចខ្លួន។
ជនរងគ្រោះ១.ឈ្មោះ ប្រាក់ សុខុន អាយុ២៧ឆ្នាំមុខរបរ មន្ត្រីរដ្ឋាករទឹក មានទីលំនៅភូមិសែនសុខទី៤ សង្កាត់ឃ្មួញ(រងរបួសដេរ២៥ថ្នេរ) ឈ្មោះហេង ដារ៉ា ហៅចិត្រា អាយុ២៥ឆ្នាំ គ្មានមុខរបរ(ស្លាប់)ទីលំនៅភូមិសែនសុខទី៥ សង្កាត់ឃ្មួញ (ជនទាំង២នេះជាបក្ខពួកនិងគ្នា)។
លោកអនុសេនីយ៍ឯក ញាណ នន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានឲ្យឲ្យដឹងថា ករណីទំនាស់នេះបើតាមការស្រាវជ្រាវ គីភាគីជនរងគ្រោះ មានទំនាស់ពាក្យសម្តីគ្នាជាមួយភាគីខាងជនបង្កហេតុនៅក្នុងវង់ផឹកស៊ីមួយ ប៉ុន្តែបានធ្វើការសម្របសម្រួល គ្នាចប់ម្តងហើយ ក៏បែកផ្លូវគ្នារៀងៗខ្លួន។
លោកបានបន្តថា ក្រោយមកខាងភាគីទី២(ជនបង្ក)បានបបួលគូកនទៅផឹកស៊ីនៅកន្លែងផ្សេងបន្តទៀតរួចនាំគ្នា៣នាក់១.ឈ្មោះ ថន ចាន់ណាក់ ហៅខ្មៅ អាយុ១៧ឆ្នាំ ២.ឈ្មោះឡេង សុភ័ស្ត អាយុ៣២ឆ្នាំ ៣. ឈ្មោះ ហេង ចន្ថា អាយុ៣៧ឆ្នាំ នាំគ្នាកាន់ដាវ ដែកទីបនិងដំបងឈើ មកស្ទាក់កាប់ភាគីទី១ស្លាប់ម្នាក់នៅតាមផ្លូវ សពឈ្មោះ ហេង ដារ៉ា(ហៅចិត្រា) ។
បន្ទាប់មកជនបង្កនាំគ្នាទៅតាមស្រែកហៅគូទំនាស់ម្នាក់ទៀតឈ្មោះ ប្រាក់ សុខុន ដល់មុខផ្ទះស្រែកថា អញសម្លាប់គ្នាពួកឯងបានម្នាក់ហើយ ឯងខ្លាំងចេញពីក្នុងផ្ទះមកពេលនោះជនរងគ្រោះបើកទ្វារចេញមកក៏ត្រូវក្រុមជនបង្កកាប់រងរបួសធ្ងន់តែម្តងរួចគេចខ្លួនពីកន្លែងកើតហេតុបាត់។
លោក នាយប៉ុស្តិ៍បានបន្តទៀតថា រឿងរ៉ាវនេះលោកបានទទួលព័ត៌មាននៅម៉ោង១រំលងអធ្រាត្រទៅហើយ ភ្លាមនោះលោកបានបោះដៃតាមវិទ្យុទាក់ទងនិងនាំកម្លាំងទៅជួយអន្តរាគមន៍ដឹកជនរងគ្រោះទៅមន្ទីរពេទ្យលោកសង្ឃក្រោយមកនៅវេលាម៉ោង៥ព្រឹក ជនរងគ្រោះម្នាក់ឈ្មោះ ហេង ដារ៉ា បានស្លាប់នៅមន្ទីរពេទ្យតែម្តង។
ប្រភពពីមន្ត្រីនគរបាលខាងលើក៏បានបញ្ជាក់ថា កម្លាំងព្រហ្មទណ្ឌអធិការខណ្ឌសហការជាមួយនគរបាលប៉ុស្តិ៍ បានចុះធ្វើការភ្លាមៗទាំងយប់រហូតភ្លឺ ឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន៦នាក់ផ្សេងទៀតនៃភាគីទំនាស់ទាំង២នោះ យកមកសាកសួរនៅអធិការដ្ឋានដើម្បីរកមុខជនដៃដល់មកផ្តន្ទាទោស។
ជនសង្ស័យភាគីខាងបង្កមាន៣នាក់ ១.ឈ្មោះ ថន ដាណាក់ ហៅខ្មៅ អាយុ១៧ឆ្នាំ នៅភូមិសន្តិសុខ៥។ ២.ឈ្មោះ ឡេង សុភ័ណ្ឌ ហៅក្រូច អាយុ៣២ឆ្នាំ នៅភូមិសែនសុខ៤។ ៣. ឈ្មោះ ខេង ចន្ថា ហៅណៃ អាយុ៣៧ឆ្នាំ នៅភូមិសែនសុខ៥។
ចំណែកបក្ខពួកភាគីជនរងគ្រោះ ឃាត់ខ្លួន៣នាក់ក្រៅពីអ្នករងបួសនិងស្លាប់ មាន ១.ឈ្មោះ ប្រាក់ សុជាតិ អាយុ១៦ឆ្នាំ នៅភូមិសែនសុខទី៤។ ២.ឈ្មោះ នង ដារ៉ា ហៅប៉ាវ អាយុ១៧ឆ្នាំ នៅភូមិសែនសុខ៦។ ៣.ឈ្មោះ ស៊ឹម ហើយ អាយុ២៣ឆ្នាំ នៅភូមិសែនសុខ៤ សង្កាត់ឃ្មួញ។
បច្ចុប្បន្នសម្ថិតកិច្ចកំពុង សាកសួរជនសង្ស័យទាំង២នាក់ខាងលើ អំពីដំណើររឿងដែលនាំឲ្យមានអំពើហិង្សានេះកើតឡើង មុនពេលបញ្ជូនពួកគេទៅតុលាការចាត់ការបន្ត៕
មតិយោបល់