ភ្នំពេញៈ បុរសម្នាក់ស្រវឹងជោកជាំ បើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចផ្លូវបំបែក បត់មិនទាន់ក៏ជ្រុលចង្កូតទៅបុកទ្វារផ្ទះលក់គ្រឿងសំណង់របស់ប្រជាពលរដ្ឋបណ្តាលឲ្យរងការខូចខាតតែម្តង។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវ២០១១ កែងនិងផ្លូវសម្តេចជា ស៉ីម ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាកម៉ាស្តា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AH-9798 ដោយបើកបរក្នុងស្ថានភាពស្រវឹងជោកជាំ តាមបណ្តោយផ្លូវ២០១១ ទិសដៅពីត្បូងទៅជើង និងក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវបំបែករថយន្តខាងលើក៏បានបត់ស្តាំឡើងទៅផ្លូវសម្តេចជាស៉ីម ដោយបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកស្លាកចរាចរណ៍មួយដើមព្រមទាំងលូមួយកង់និងឥដ្ឋតាន់ រួមទាំងឥដ្ឋ ខ្យល់ដែលគេដាក់លក់នៅខាងមុខផ្ទះលក់គ្រឿងសំណង់យីហោ ជា សួនតារា បណ្តាលឲ្យរងការខូចខាតអស់មួយចំនួនធំ ហើយក៏ជ្រុលទៅបុកទ្វារផ្ទះលក់គ្រឿងសំណង់ខាងលើរងការខូចខាតវាចអស់ចំនួន២ផ្ទាំង។ ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ភ្លាមៗនោះអ្នកបើកបររថយន្តបង្កត្រូវបានរថយន្តមួយគ្រឿងបើកមកដឹកគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងបានទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែងយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយបន្តទៀត៕
មតិយោបល់