កំពង់ស្ពឺៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត១គ្រឿង ប៉ះគ្នាជាមួយម៉ូតូ បណ្ដាលឲ្យស្លាប់បុរសម្នាក់ភ្លាមៗ នៅនឹងកន្លែង ដែលហេតុការណ៍នេះ កើតទ្បើងវេលាម៉ោង៦ និង៤៥នាទីល្ងាច នៅថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំរកាព.ស២៥៦១ ត្រូវនឹងថ្ងៃទ១៨ ខែមីនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៣៦-៣៧ ត្រង់ចំណុចភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
រថយន្តម៉ាក ហ៊ីណូ (ធុនបែន) ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3255 អ្នកបើកបរមិនស្គាល់ឈ្មោះ និងទីលំនៅ បានរត់គេចខ្លួនបាត់ ធ្វើដំណើរពីទិសខាងលិចទៅកើត មកដល់ចំណុចខាងលើ បានប៉ះម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1B-9951 បើកដោយឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិស្រែកែស ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ បើកក្នុងទិសដៅស្របគ្នា បានស្លាប់នៅនឹងកន្លែងកើតហេតុ។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងរថយន្ត និងម៉ូតូរងការខូចខាតទាំងសងខាង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីចាត់ការតាមនីតិវីធីច្បាប់៕
មតិយោបល់