ជប៉ុន បានផ្តល់ទឹកប្រាក់ចំនួន ៣៥២,៦៣៥ដុល្លារអាម៉េរិក ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុន សម្រាប់ជួយឱ្យវិស័យអប់រំនៅកម្ពុជា ខណៈដែលនៅតាមសាលាមួយ ចំនួនមិនទាន់មានអគារសិក្សាគ្រប់គ្រាន់នៅឡើយ។
ថ្លែងក្នុងពីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង ក្រោមគម្រោងទ្រង់ទ្រាយតូចសន្តិសុខ មនុស្សជាតិរបស់រដ្ឋាភិបាលជប៉ុន ឯកឧត្តម ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) បានបញ្ជាក់ថា ទឹកប្រាក់ដែលជាជំនួយឥតសំណងនេះ ត្រូវបានបែងចែកជា ៤ផ្នែកសម្រាប់ជួយ អភិវឌ្ឍន៍សាលារៀននៅតាមសហគមន៍ដែលកំពុងខ្វះខាតអគារសិក្សា ក្នុងនោះទឹកប្រាក់ចំនួនជាង ៩ម៉ឺនដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់អគារសិក្សានៅអនុវិទ្យាល័យធ្លកអណ្ដូង ក្រុងសៀមរាប ខេត្តសៀមរាប។
ថវិកាជាង ៨ម៉ឺន៧ពាន់ដុល្លារ សម្រាប់គម្រោងសាងសង់អគារសិក្សានៅអនុវិទ្យាល័យគោកងួន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ថវិកាចំនួនជាង ៨ម៉ឺន៧ពាន់ដុល្លារ គម្រោងសាងសង់អគារ សិក្សានៅសាលាបឋមសិក្សាអាតោ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ និងទឹកប្រាក់ជាង ៨ម៉ឺន៦ពាន់ដុល្លារទៀត គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាដំណាក់កកោះ និងសាលាបឋមសិក្សាល្បើកស្វាយ ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ឯកឧត្តមឯកអគ្គរាជទូតជប៉ុនសង្ឃឹមថា ជំនួយលើវិស័យនេះ នឹងរួមចំណែកដល់ការអភិវឌ្ឍធនធាន មនុស្សនៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀត ទាំងផ្នែកបរិស្ថានសម្រាប់ការអប់រំ របស់សិស្សានុសិស្ស៕
មតិយោបល់