ព័ត៌មានជាតិ

អុញនោះ! ចៅសង្កាត់កាកាប២ បិទទ្វារនៅក្នុងអុហ្វីសមិនព្រមចេញជួបប្រពន្ធ ក្រោយពីប្តឹងលែងលះដល់តុលាការទាំងប្រពន្ធមិនដឹងអី..

ភ្នំពេញ: ស្ត្រីម្នាក់ បានធ្វើដំណើរតាំងពីខេត្តកំពង់ឆ្នាំង ដើម្បីស្កាត់ជួបនិយាយសម្របសម្រួលគ្នាជាមួយលោក ម៉ាលី ពិសិដ្ឋ ដែលជាចៅសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ដោយគាត់បាននិយាយថា លោកចៅសង្កាត់ខាងលើ គឺជាប្ដីរបស់គាត់ រស់នៅជាមួយគ្នាជាង១០ឆ្នាំមកហើយ តែតាំងពីប្ដីមានបុណ្យសក្ដិតូចតាច ឥឡូវលោកប្ដីបានឡើងជាចៅសង្កាត់ ស្រាប់តែភ្លេចរូបគាត់និងកូនៗ៣នាក់ ដោយបានដាក់ពាក្យប្ដឹងលែងលះរូបគាត់ទាំងគ្មានកំហុស។ ប៉ុន្តែខណ:ពេលដែលគាត់ទៅដល់សាលាសង្កាត់ លោកប្ដីបានបិទទ្វារនៅក្នុងបន្ទប់ធ្វើការខ្ទាស់គន្លឹះពីខាងក្នុង និងឲ្យកូនចៅចាក់សោទ្វារពីខាងក្រៅជាប់ មិនព្រមចេញមកជួបគាត់ឡើយ ហើយមូលហេតុដែលសុំលែងនោះគាត់សង្ស័យប្ដីមានស្រីថ្មី។

ស្រ្តីខាងលើបានធ្វើដំណើរទៅរកប្ដីកាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ដល់កន្លែងដែលប្ដីធ្វើការ គឺនៅក្នុងសាលាសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

ស្រ្តីខាងលើបានបន្តទៀតថា ប្ដីរបស់គាត់ឈ្មោះ ម៉ា លីពិសិដ្ឋ អាយុ៣៩ឆ្នាំ មុខរបរជា ចៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ចំណែករូបគាត់ជាប្រពន្ធឈ្មោះ អ៊ល ពិសី អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិត្រពាំងចិកសា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានកូនចំនួន៣នាក់ក្នុងនោះកូនស្រីបង ឈ្មោះ ពិសិដ្ឋ សុខិតា អាយុ១៧ឆ្នាំ កូនស្រីទី២ឈ្មោះ ពិសិដ្ឋ ថាភរិយា អាយុ១០ឆ្នាំ និងកូនប្រុសពៅឈ្មោះ ពិសិដ្ឋ លីវណ្ណលាភ អាយុ៥ឆ្នាំ ។

ប្រភពដដែលបានបន្តទៀតថា គាត់និងលោក ម៉ាលី ពិសិដ្ឋ បានយកគ្នាជាប្តីប្រពន្ធដោយមិនបានរៀបការអស់រយ:ពេលជាង១០ឆ្នាំកន្លងមកហើយ ប៉ុន្តែបានចុះអេតាស៊ីវិលជាមួយគ្នា ដែលបញ្ជាក់ថាជាប្ដីប្រពន្ធស្របច្បាប់។ មិនតែប៉ុណ្ណោះ កាលមុនពេលជួបគ្នា គាត់ជាស្រីមេម៉ាយមានកូនស្រីម្នាក់។ ចំណែកលោកប្ដីក៏ជាបុរសពោះម៉ាយមានកូនម្នាក់ដែរ។ លុះពេលបានគ្នាជាប្ដីប្រពន្ធ លោកប្ដីបានឲ្យគាត់លុបនាមត្រកូលប្ដីមុនរបស់កូនស្រីចោល និងយកឈ្មោះរបស់ខ្លួនដាក់ជំនួសវិញ។ បន្ទាប់មកបានឲ្យគាត់សេងអីវាន់ចាប់ហួយយកលុយ​និងខ្ចីលុយធនាគារ៥ពាន់ដុល្លារ ព្រមទាំងលក់គ្រឿងអលង្ការមាស២តម្លឹង ប្រមូលយកលុយមករកការងារធ្វើនៅភ្នំពេញ និងបានស្នាក់នៅផ្ទះជួល។

ស្រ្តីជាប្រពន្ធបានបន្តទៀតថា ពេលនោះលោកប្ដីបានការងារជាចៅសង្កាត់រងទី២ សង្កាត់កាកាប ហើយបានស្នាក់នៅជាមួយគ្នាគ្មានបញ្ហាអ្វីឡើយ។ លុះក្រោយមក ប្ដីគាត់បានក្លាយជាចៅសង្កាត់កាកាប២ ប៉ុន្តែមិនបានប្រាប់ឲ្យគាត់ដឹងថាជាប់ជាចៅសង្កាត់ឡើយ គឺលាក់លៀមរហូត។ លុះដល់ខែធ្នូ ឆ្នាំ២០១៧ ស្រាប់តែលោកប្ដីដាក់ពាក្យទៅតុលាការសុំលែងលះគ្នាជាមួយគាត់ដោយគ្មានមូលហេតុ និងបានព្យាយាមគេចវេសពីគាត់រហូតតែម្ដង។ បន្ទាប់ពីប្ដីធ្វើបែបនេះគាត់ពិបាកចិត្តណាស់ហើយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ គាត់បានតាមរកប្ដីប៉ុន្តែប្ដីគេចមិនជួបទេ លុះដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ តុលាការបានកោះហៅទៅសាកសួរ។ ពេលនោះប្ដីដាច់ខាតត្រូវតែលែងគាត់ចោល ប៉ុន្តែគាត់វិញមិនបានលែងទេ លុះដល់ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៨ តុលាការបានកោះហៅម្ដងទៀត តែគាត់អត់បានទៅទេព្រោះអត់ស្រួលខ្លួន ហើយប្ដីបានគេចរហូតមកដល់ព្រឹកថ្ងៃទី១៩ មីនា ឆ្នាំ២០១៨នេះទើបគាត់សម្រេចចិត្តតាមរកដល់សាលាសង្កាត់តែម្ដង។ ប៉ុន្តែលោកចៅសង្កាត់មិនចេញពីបន្ទប់ធ្វើការមកជួបឡើយ ដូច្នេះសុំឲ្យលោកអភិបាលខណ្ឌនិងមន្រ្តីគ្រប់លំដាប់ថ្នាក់មេត្តាជួយរកយុត្តិធម៌ដល់គាត់ផង៕

មតិយោបល់