ព័ត៌មានជាតិ

ឆក់កាបូបជនបរទេសម្នាក់បានសម្រេច តែអស់លក្ខណ៍រត់មិនរួច!

ភ្នំពេញ: ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់កាបូបពីជនជាតិបរទេសបានសម្រេច ហើយព្យាយាមបើករត់ ត្រូវបានប្រជាពរដ្ឋឃើញហេតុការណ៍ជិះដេញពីក្រោយ ពទ្ធ័ចាប់បានស្វាគមន៍មួយដៃមួយជើងបែកក្បាលឈាមស្រោចពេញខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៨ និង១៥នាទីយប់ ថ្ងៃទី១៩ មីនា ឆ្នាំ២០១៨ នៅចំណុចនៅក្បែរផ្សារថ្មី តាមបណ្ដោយផ្លូវ៥៣ កែងនិងផ្លូវ១២៦ ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ។

ជនសង្ស័យមានឈ្មោះ ទូច ចាន់ថា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរដឹកប្រពន្ធលក់ត្រី ស្នាក់នៅផ្ទះលេខ១៨ ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនសង្ស័យខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាក​ ស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BB -4126​ តែម្នាក់ឯង បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ដើរជាមួយប្ដី ដែលជនរងគ្រោះជាជនជាតិបរទេស បានសម្រេចនៅតាមដងផ្លូវព្រះនរោត្ដម ក្បែររោងកុនលុច ។ ភ្លាមនោះ ប្រជាពលរដ្ឋដែលឃើញសកម្មភាពជាក់ស្ដែង​បែបនេះ ក៏ស្រែកថា ចោរៗៗ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាច្រើននាំគ្នាជិះម៉ូតូដេញតាម ហើយជនសង្ស័យភ័យស្លន់ស្លោរ បានជិះម៉ូតូព្យាយាមគេចខ្លួនរហូតទៅដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវបានប្រពលរដ្ឋព័ទ្ធចាប់បាន និងព្រួតគ្នាវាយឡើងបែកមុខមាត់ ហូឈាមជោកខ្លួន ទើបសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ ដាក់ខ្នោះជនសង្ស័យ និងនាំយកម៉ូតូដែលធ្វើសកម្មភាព ព្រមទាំងវត្ថុតាងនិងជនរងគ្រោះ យកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សារថ្មី១ ។

បន្ទាប់ក្រោយមក សមត្ថកិច្ចបានពិនិត្យមើលវត្ថុតាង​(កាបូបជនរងគ្រោះ)ពុំមានបាត់បង់ទ្រព្យសម្បត្តិអ្វីក្នុងកាបូបនោះឡើយ ទើបសមត្ថកិច្ចធ្វើឯកសារប្រគល់វត្ថុតាងឲ្យទៅជនរងគ្រោះវិញ ។ ដោយឡែកជនសង្ស័យខាងលើ រួមនឹងម៉ូតូដែលជិះធ្វើសកម្មភាព ត្រូវបានសមត្ថកិច្ចធ្វើឯកសារ និងកសាងសាណុំរឿងបញ្ចូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕


មតិយោបល់