អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បានធ្វើការអំពាវនាវដ៏ចម្រូងចម្រាសមួយ ជាមួយនឹងការអះអាងថា រាល់អ្នកជួញដូរគ្រឿងញៀន នឹងត្រូវប្រឈមមុខការកាត់ទោសប្រហារជីវិត។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨។
ផែនការនេះ គឺជាផ្នែកមួយនៃគោលនយោបាយរបស់លោក ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតថ្នាំ opioid ជាសារធាតុញៀនម្យ៉ាងដែលប្រើ ដើម្បីបំបាត់ការឈឺចាប់ សម្រាប់ពលរដ្ឋអាមេរិក។
ដោយមេដឹកនាំគណបក្សសាធារណរដ្ឋ បានលើកទ្បើងពីសំណើរនេះ នៅក្នុងអំឡុងពេលសុន្ទរកថាមួយ នៅទីក្រុង Manchester ជាកន្លែងមួយ ដែលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ដោយការស្លាប់បាត់បង់ជីវិត បន្ទាប់ពីការប្រើប្រាស់ថ្នាំញៀន Opioid ហួសកម្រិត។
លោក ត្រាំ បានថ្លែងប្រាប់មនុស្សម្នាលជាច្រើនថា «បញ្ហាទាំងនេះ គឺជាអ្វីដ៏គួរឲ្យភ័យខ្លាចបំផុត ហើយយើងត្រូវតែតឹងតែង ទៅលើអ្នកជួញដូរគ្រឿងញៀនទាំងនោះ។ ប្រសិនបើយើង មិនចាត់វិធានការខ្លាំងក្លា ទៅលើអ្នកចែកចាយថ្នាំញៀនទាំងនោះទេ គឺយើងកំពុងតែខ្ជះខ្ជាយពេលវេលារបស់យើងហើយ»។
ជាមួយគ្នានោះដែរ ប្រធានាធិបតី ត្រាំ បានបញ្ជាក់បន្ថែមថា វិធានការខ្លាំងក្លានោះ ក៏រួមមានទាំងទោសប្រហារជីវិតពួកគេផងដែរ។
សូមជំរាបថា ប្រជាជនអាមេរិកប្រមាណ ២.៤ លាននាក់ មានផ្ទុកនូវសារធាតុញៀន Opioid ដែលជាថ្នាំមួយប្រភេទ ត្រូវបានប្រើតាមវេជ្ជបញ្ជា ដើម្បីបំបាត់ការឈឺចាប់៕
មតិយោបល់