ព័ត៌មានជាតិ

ឃើញពពាក់ពពូនគ្នាញឹកញាប់ ពេលនេះត្រូវអាជ្ញាធរខណ្ឌឬស្សីកែវចុះបង្ក្រាបបាន៣ទូឯណោះ

​ភ្នំពេញៈ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឬស្សីកែវ ចុះប្រតិបត្តិការបង្ក្រាបបាននូវទីតាំងបនល្បែងចំនួន៣កន្លែង ជាបន្តបន្ទាប់ជាប់ៗគ្នាចំនួន៣ទីតាំងដកហូតបានទូហ្គេមបាញ់ត្រីចំនួន៣គ្រឿង។

ប្រតិបត្តិការក្នុងការបង្ក្រាបបនលេងល្បែងទូហ្គេមនេះបានធ្វើឡើងកាលពីវេលាម៉ោង៣នឹង៤០នាទីរសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ក្រុម៨ក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

កន្លងមកលោកអភិបាលខណ្ឌ ជា ពិសី ធ្លាប់បានថ្លែងថា លោកសូមប្ដេជ្ញាចិត្តបង្ក្រាបឲ្យអស់នូវទីតាំងល្បែងស៊ីសងគ្រប់ប្រភេទដែលកើតមានក្នុងមូលដ្ឋានសង្កាត់ទាំង៧ នៃខណ្ឌឫស្សីកែវ ជាពិសេសសូមឲ្យអាជ្ញាធរសង្កាត់-ភូមិ និងប្រជាពលរដ្ឋ ត្រូវចូលរួមសហការ និងមានវិធានការបន្តតាមដានឃ្លាំមើលតទៅទៀតបើក្នុងករណីឃើញមានទីតាំងកំពុងប្រព្រឹត្តល្បែងស៊ីសង ដែលល្មើសច្បាប់ សូមរាយការណ៍ជាបន្ទាន់មកកាន់រដ្ឋបាលខណ្ឌឫស្សីកែវ ដើម្បីបង្ក្រាបទាន់ពេលវេលា ស្របតាមគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថភាពថ្មីទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីមូលដ្ឋានទទួលបានការអភិវឌ្ឍន៍ និងកាត់បន្ថយអំពើ ចោរលួច ឆក់ ប្លន់ ដែលកើតចេញពីទីតាំងល្បែងស៊ីសងទាំងនោះ៕

មតិយោបល់