ភ្នំពេញៈ បុរសម្នាក់បានរងរបួសធ្ងន់ ដោយបែកក្បាលហូរឈាម ខណៈដែលរូបគេបានបោះពួយម៉ូតូម៉ាកហុងដា សេ១២៥ មួយគ្រឿងក្នុងល្បឿនលឿនដូចហោះ ទៅបុកនឹងឡាំប៉ាតាឥណ្ឌាមួយគ្រឿងក្រឡាប់ផ្ងារជើងសង្កត់លើជនរងគ្រោះពីលើថែមទៀតនោះ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១០ និង ៤៥នាទីព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៥៧ កែងនិងផ្លូវលេខ៣២២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ បាត់ដំបង1A-6038 មួយគ្រឿងក្នុងល្បឿនយ៉ាងលឿន ពីជើងទៅត្បូង លុះមកដល់ចំណុច កើតហេតុខាងលើដែលជាផ្លូវបំបែកជា៤នោះ។ពេលនោះក៏មានឡាំប៉ាតាឥណ្ឌា ពណ៌លឿង គ្មានស្លាកលេខមួយគ្រឿង ដែលបើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត ក៏ត្រូវម៉ូតូម៉ាកហុងដា សេ១២៥ មួយគ្រឿងនោះ ទៅបុកបណ្តាលឲ្យក្រឡាប់សង្កត់ទៅលើម៉ូតូ និង អ្នកបើកបរ បណ្តាលឲ្យបែកក្បាលរងរបួសធ្ងន់ខ្លួនឯងតែម្តង។
ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចក៏បានចុះមកដល់ធ្វើការវាស់វែង និងឲ្យភាគីទាំងពីរធ្វើការដោះស្រាតគ្នា ដោយភាគីខាងឡាំប៉ាតា ព្រមចេញថ្លៃព្យាបាលដល់ភាគីម៉ូតូរងគ្រោះ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង កើតហេតុភ្លាមៗផងដែរ៕
មតិយោបល់