ភ្នំពេញៈ ក្រោមកិច្ចសហការរវាងអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េ ប្រចាំកម្ពុជា និងសមាគមជនជាតិកូរ៉េ ប្រចាំកម្ពុជា បានរៀបចំការប្រកួតកីឡាបាល់ទាត់មួយ ដើម្បីដណ្តើមយកពានរង្វាន់ពីអគ្គកុងស៊ុលកូរ៉េ ប្រចាំកម្ពុជា ដែលការប្រកួតកីឡានេះ ធ្វើឡើងក្នុងបំណងពង្រឹងមិត្តភាពឲ្យបានរឹងមាំបន្ថែមទៀត ក្នុងន័យមួយ គឺសហការគ្នា រីកចម្រើនជាមួយគ្នា។
ការប្រកួតជាមិត្តភាពនេះ ត្រូវបានធ្វើឡើងនៅព្រឹក និងល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងទីលានបាល់ទាត់មួយកន្លែង ស្ថិតនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមាន១៦ក្រុម និងមានកីឡាករប្រមាណជាង២០០នាក់ ដើម្បីប្រកួតប្រជែងគ្នាដណ្តើមយកពានរង្វាន់ពីអគ្គកុងស៊ុលកូរ៉េ ប្រចាំកម្ពុជា។
លោក គីម ហុនសីក (Kim hyunsik) ប្រធានសមាគមជនជាតិកូរ៉េ ប្រចាំកម្ពុជា បានឲ្យដឹងថា ការប្រកួតកីឡាបាល់ទាត់ រវាងកីឡាករកូរ៉េ និងកម្ពុជា ដើម្បីដណ្តើមយកពានរង្វាន់ពីអគ្គកុងស៊ុលកូរ៉េ ប្រចាំកម្ពុជានេះ ធ្វើឡើងមិនសំខាន់លើការឈ្នះចាញ់នោះទេ គឺយើងចង់បង្កើនមិត្តភាព រវាងប្រជាពលរដ្ឋទាំងពីរ កូរ៉េនិងកម្ពុជា។ កីឡាករកូរ៉េ ដែលមកចូលរួមក្នុងការប្រកួតជាមួយកីឡាករកម្ពុជានេះ ពួកគាត់ជាប្រជាពលរដ្ឋដែលរស់នៅស្រុកខ្មែរ បំពេញការងារក្នុងសហគ្រាស ក្រុមហ៊ុនមួយចំនួននៅស្រុកខ្មែរ ហើយមួយចំនួនទៀត ពួកគាត់ជាប្រជាពលរដ្ឋកូរ៉េ មករកស៊ីនៅស្រុកខ្មែរ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ប្រជាជនកូរ៉េ ច្រើនជាង១៥០០០នាក់ កំពុងស្នាក់នៅក្នុងទេសកម្ពុជា និងបានរៀបអាពាហ៌ពិពាហ៌ រវាងប្រជាពលរដ្ឋខ្មែរ និងកូរ៉េ ប្រហែល៥០០គូ ក្នុង១ឆ្នាំៗ។
លោក គីម វន់ជីន (Kim woen jin) ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េ ប្រចាំកម្ពុជា បានមានប្រសាសន៍លើកឡើងថា កូរ៉េ និងកម្ពុជា ជាមហាគ្រួសារតែមួយ មិនប្រកាន់ថា ជាកូរ៉េ ឬខ្មែរនោះទេ ហើយចំពោះការប្រកួតនេះ វាជាការប្រកួតមួយដែលមានយុត្តិធម៌ស្មោះត្រង់ មិនលំអៀងទៅខាងណានោះទេ អ្នកដែលមានសមត្ថភាព គឺត្រូវតែជាប់ចំណាត់ថ្នាក់ល្អ និងទទួលបានពាន។ លោកបន្តថា អត្ថន័យនៃការប្រកួតប្រជែងកីឡាបាល់ទាត់នេះ គឺសហការគ្នា រីកចម្រើនជាមួយគ្នា ហើយនេះជាអនុស្សាវរីយ៍មូយដែលមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់កូរ៉េ និងកម្ពុជា៕
មតិយោបល់