ព័ត៌មានជាតិ

ឃាត់ខ្លួនសិស្សសាលាញ៉ូហ្គេវ៉េអន្តរជាតិ និងបុរសម្នាក់ ពាក់ពន្ធ័ករណីឆបោកលុយរាប់ពាន់ដុល្លារ

​ភ្នំពេញ: ជនសង្ស័យប្រុសស្រី២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករា ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេ១៨២ ភូមិ២ សង្កាត់អូឬស្សីទី១ ខណ្ឌ៧មករា។

តាមពាក្យបណ្តឹងអាណាព្យាបាលកុមារីរងគ្រោះដែលបានប្តឹងជនសង្ស័យទាំង២នាក់ខាងលើ ពីករណីឆបោក តាមប្រព័ន្ធអនឡាញ។

ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ សមត្ថកិច្ចបានដកហូតប្រាក់ដុល្លារចំនួន២០០០ដុល្លារ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះ ស.ម.អ.​ហ ភេទស្រី អាយុ១៣ឆ្នាំ មុខរបរ សិស្សសាលាញ៉ូហ្គេតវ៉េអន្តរជាតិ ស្នាក់នៅ​ខណ្ឌមានជ័យ។
ចំណែកជនសង្ស័យទី២មានឈ្មោះ សៅ ចាន់ថន អាយុ៣៤ឆ្នាំ មុខរបរលក់ដូរស្នាក់នៅផ្ទះលេខP28ផ្លូវប្លាកទីនឹម សង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន។

ក្រោយពីធ្វើការឃាត់ខ្លួននិងសាកសួរជនសង្ស័យខាងលើ ដោយមានស្ថាបណ្ណ័សាលាដំបូងសម្របសម្រួលផងនោះ ជនសង្ស័យសម្រេចសងប្រាក់ដែលខ្លួនបានឆបោកជនរងគ្រោះវិញតាមលទ្ធភាព។ តែរហូតមកដល់ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ អាណាព្យាបាលកុមារីរងគ្រោះពុំទាន់បានទទួលលុយចំនួន២០០០ដុល្លារដែលដកហូតពីជនសង្ស័យទាំង២នាក់ប្រគល់ឲ្យជនរងគ្រោះវិញនៅឡើយទេ៕

មតិយោបល់