Post News Media ព័ត៌មានបច្ចេកវិទ្យា ថៅកែ Facebook...

ថៅកែ Facebook ទទួលស្គាល់កំហុសក្នុងការគ្រប់គ្រងទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់

ម្ចាស់ក្រុមហ៊ុន Facebook លោក Mark Zuckerberg នៅទីបញ្ចប់បានចេញមុខសារភាពពីកំហុសនៃភាពខ្វះចន្លោះក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យបុគ្គលរបស់អ្នកប្រើប្រាស់ ដែលនាំឱ្យក្រុមហ៊ុនមួយស្និទ្ធនឹងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump នៅឆ្នាំ ២០១៦ អាចប្រមូលយកទិន្នន័យអ្នកប្រើប្រាស់ ៥០ លាននាក់បានដោយគ្មានការអនុញ្ញាត។

ការចេញមុខនិយាយដូច្នោះ គឺធ្វើឡើងបន្ទាប់ពីពេលថ្មីៗនេះ ក្រុមហ៊ុន Cambridge Analytica ត្រូវគេរាយការណ៍ថា បានទទួលទិន្នន័យពីសាស្រ្តាចារ្យមកពីសកលវិទ្យាល័យ Russian-America Cambridge លោក Aleksandr Kogan អ្នកដែលទទួលបានទិន្នន័យនោះ ដោយការសន្យាភូតកុហកថា យកទៅប្រើសម្រាប់ការស្រាវជ្រាវប៉ុណ្ណោះ។​

ឆ្លើយតបនឹងបញ្ហានេះ លោក​ Zuckerberg បានប្រកាសចេញនូវយន្តការ ៣ ចំណុចក្នុងការធ្វើឱ្យប្រាកដថា Facebook នឹងលែងមានជនទីបីណាអាចលួចទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាតតទៅទៀតហើយ។

យន្តការទី១: ក្រុមហ៊ុននឹងបើកការស៊ើបអង្កេតស៊ីជម្រៅលើរាល់កម្មវិធីទាំងអស់ដែលអាចចូលទៅកាន់ទិន្នន័យអ្នកប្រើប្រាស់ ចាប់តាំងពីខ្លួនបើកឱ្យធ្វើដូច្នេះក្នុងឆ្នាំ ២០១៤។

យន្តការទី២: កម្មវិធីនានានឹងត្រូវបានរឹតបណ្តឹងចាប់ពីពេលនេះទៅ ដោយឱ្យអាចចូលយកបានតែឈ្មោះ អាសយដ្ឋានអ៊ីម៉ែល និងរូប Profile របស់អ្នកប្រើប្រាស់ប៉ុណ្ណោះ។

យន្តការទី៣: Facebook នឹងដាក់ចេញនូវឧបករណ៍មួយដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចឆែកដឹងថាកម្មវិធីមួយណាអាចចូលទៅកាន់ទិន្នន័យរបស់ពួកគេ។ បន្ទាប់មក ពួកគេអាចបិទមិនឱ្យកម្មវិធីទាំងនោះធ្វើដូច្នោះបានតាមការជ្រើសរើស។ ​

គួរបញ្ជាក់ថា ក្រុមហ៊ុន Facebook កំពុងឋិតក្រោមការស៊ើបអង្កេតពីភ្នាក់ងារនៃគណកម្មការសហព័ន្ធពាណិជ្ជកម្ម FTC ពីបទរំលោភលើអនុក្រឹត្យឆ្នាំ ២០១១ ទាក់ទងទៅនឹងទំព័របណ្តាញទំនាក់ទំនងសង្គម។ ក្រឹត្យច្បាប់នោះបានចែងថា រាល់ការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់បណ្តាញសង្គម Facebook ត្រូវតែមានការសុំសិទ្ធិអនុញ្ញាតពីម្ចាស់សមីជាមុន៕

ចង់លុបគណនី Facebook របស់ខ្លួនចោល? មានអីពិបាក!

ប្រភពព័ត៌មាន Phone Arena