ព័ត៌មានជាតិ

ទំនាស់សម្តីគ្នា កើតជាហិង្សាវាយគ្នាទៅវិញទៅមកសមត្ថកិច្ចឃាត់ខ្លួនទាំង២នាក់

ភ្នំពេញៈ ព្រោះតែខ្វះការយោគយល់គ្នា រវាងអ្នកជិតខាងទើបបង្កឲ្យមានទំនាស់ពាក្យសម្តី ឈានដល់ការប្រើអំពើហិង្សា វាយគ្នាទៅវិញទៅមកធ្វើឲ្យរងរបួសតិចតួច ចុងក្រោយសមត្ថកិច្ចឃាត់ខ្លួនទាំងពីនាក់។

អំពើហិង្សានេះ កើតឡើងថ្ងៃទី២២ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង១៩ និង៣៥នាទីយប់ នៅចំណុចផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចប្រាប់ថា ភាគីទី១ឈ្មោះ ម៉ម ផលឫទ្ធិសក្ត័ ហៅភ័ក្តី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរសន្តិសុខឯកជន ស្នាក់នៅផ្ទះលេខ២៣ផ្លូវ១៨៤ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងភាគីទី២ឈ្មោះ ទូ​ច វិចិត្រ ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ប្រភពដដែលបានបន្ថែមថា នៅមុនពេលកើតហេតុ ម្តាយខាងភាគីទី១.ឈ្មោះ ចន កាន អាយុ៤៥ឆ្នាំ បានជេរទៅលើភាគីទី២ ដោយសង្ស័យថា បានយកដុំថ្មគប់មកលើដំបូលផ្ទះរបស់គាត់ ទើបក្លាយជាទំនាស់ជេរគ្នាទៅវិញទៅមក។ ភ្លាមនោះកូនប្រុសរបស់គាត់ ឈ្មោះ ម៉ម ផលឫទ្ធិសក្ត័ ហៅភ័ក្តី បានចេញពីក្នុងផ្ទះយកកាំបិតប័ុងតោ និងឈើគប់មកលើភាគីទី២ ទើបភាគីទី២ បានស្ទុះទៅចាប់យកឈើពីម្តាយភាគីទី១ បណ្តាលឲ្យម្តាយត្រូវរបួសក្បាលបន្តិចបន្តួច ហើយក្រោយមកត្រូវសមត្ថកិច្ចឃាត់ខ្លួន យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង។

បច្ចុប្បន្នភាគីទំនាស់ទាំងពីរ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការ ចាត់ការតាមនីតិវិធីនៅពេលក្រោយ៕

មតិយោបល់