កំពង់ធំៈ សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីក្មេងស្ទាវ២ក្រុម បានឈ្លោះប្រកែកគ្នាក្នុងវង់រាំ រហូតបើកឆាកប្រយុទ្ធវាយកាប់ចាក់គ្នាត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជាច្រើននាក់ និងផ្សេងទៀតរងបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ករណីនេះកើតឡើងនៅម៉ោងប្រហែលជា៩យប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ក្នុងស្តាតចាស់កំពង់ធំ ភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុឃើញបានក្មេងស្ទាវទាំង២ក្រុមនេះ បាននាំគ្នារាំលេងនៅក្នុងរបងលួសសំណាញ់ ដែលគេហ៊ុមពទ្ធ័ យកលុយដើម្បីចូលរួម ក្នុងកម្មវិធីប្រគំតន្ត្រីក្នុងស្តាតចាស់ រួចក៏មានការទាស់សម្តីគ្នា ឈានទៅដល់ការវាយតប់គ្នា ដោយភាគីម្ខាងបានទាញកូនពូថៅកាប់ បណ្តាលឲ្យយុវជន៣នាក់ របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជន។
ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនបាន៦នាក់ ផងដែរ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់