ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវមួយកើតឡើង ដោយសាររថយន្តមិនចាំម៉ាកមួយគ្រឿងបើកបរក្នុងល្បឿនយ៉ាងលឿនដូចហោះ ហើយជ្រុលចង្កូតទៅបុករថយន្តតាកូម៉ា និងរុឺម៉កម៉ូតូនៅលើចិញ្ចើមផ្លូវ បានផ្លោងទៅទម្លុះទ្វាអាគារលក់កាមេរ៉ា យីហោCanon រងការខូចខាតយ៉ាងដំណំ រួចហើយរថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោល សំណាងល្អម្ចាស់រ៉ឺម៉កម៉ូតូកំពុងដេកលួងលក់រងរបួសស្រាល។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខអាគារលក់កាមេរ៉ា (យីហោ Canon) ជាប់ផ្លូវលេខ៥១៦ កែងនិងផ្លូវលេខ៣១៥ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យោងតាមសម្ដីលោកពូម្នាក់ ជាសន្តិសុខប្រចាំការនៅកន្លែងកើតហេតុខាងលើ បានឲ្យដឹងថា នៅពេលកើតហេតុ គាត់បានអង្គុយមុខអាគារទីតាំងកើតហេតុខាងលើនោះ ហើយក៏ឃើញរថយន្តមួយគ្រឿងមិនចាំម៉ាក ពណ៌ខ្មៅ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣១៥ ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុមិនដឹងជាយ៉ាងម៉េច ក៏ជ្រុលឡើងលើចិញ្ចើមផ្លូវទៅបុករថយន្តតាកូម៉ា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2D-3597 ខ្ទាតទៅបុករុឺម៉កម៉ូតូមួយគ្រឿងទៀត បានមកឈប់ចតមុខអាគារខាងលើ បណ្ដាលឲ្យរុញរុឺម៉កម៉ូតូពីក្រោយទាំងមានបុរសម្នាក់ជាម្ចាស់រ៉ឺម៉កម៉ូតូកំពុងលក់ស្រួល ទៅបុកជាមួយទ្វាររូត និងធ្វើឲ្យបែកបាក់និងខូចខាតសម្ភារៈក្នុងហាងមួយចំនួនធំ រងការខូចខាតយ៉ាងដំណំ តែសំណាងវិញដែរ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះមិនបណ្ដាលឲ្យមានមនុស្សរងរបួស ។
ក្រោយកើតហេតុភ្លាមៗ ភាគីខាងរថយន្តបង្ក បានបើករថយន្តត្រឡប់ក្រោយយ៉ាងលឿន រួចហើយបើកគេចខ្លួនបាត់ស្រមោលសូន្យឈឹងតែម្ដង ។
បន្ទាប់ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ រួចបានឲ្យម្ចាស់រថយន្តរងគ្រោះ និងរុឺម៉កម៉ូតូ ព្រមទាំងម្ចាស់អាគារលក់គ្រឿងកាមេរ៉ាខាងលើ ទៅដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលចរាចរណ៍ក្រុង ឲ្យជួយពិនិត្យ និងតាមចាប់ជនបង្កហេតុ ឲ្យមកទទួលខុសត្រូវ និងដោះស្រាយចំពោះមុខច្បាប់ ៕
មតិយោបល់