ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនបុរសម្នាក់តាមដីកា ពីបទចែកចាយគ្រឿងញៀន កាលពីវេលាម៉ោង១០និង៣០នាទី នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះជួលគ្មានលេខ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងនគរបាលផ្នែកយុត្តិធម៌ខណ្ឌច្បារអំពៅ បានសហការជាមួយប៉ុស្តិ៍ច្បារអំពៅ២ ធ្វើការចាប់ខ្លួនជនសង្ស័យម្នាក់តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៦៩៤ “ដ” ដ.ច.ន ចុះថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៦ ចេញដោយលោក ថ្លាង ផាណែត ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្ទះជួលគ្មានលេខ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦។
សមត្ថកិច្ចបន្តថា ជនសង្ស័យឈ្មោះ ប៉េង វុទ្ធី ហៅតឿ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤៧៥ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។ ចាប់ខ្លួនបាននៅមុខផ្ទះគ្មានលេខ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់