ព័ត៌មានជាតិ

Update៖ ផ្អើលទាំងព្រឹក! រថយន្តក្រុមហ៊ុនខារ៉ាបាវ បើកលឿន បុកម៉ូតូខ្ទាតផ្ទប់រថយន្តក្រុងក្រុមហ៊ុន ខាយណាម ​

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយបានបង្កឲ្យបុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារតែរថយន្ត របស់ក្រុមហ៊ុន ខារ៉ាបាវ មួយគ្រឿង បានបើកបរក្នុងល្បឿនយ៉ាងលឿនបានបោះពួយទៅបុកម៉ូតូម៉ាក PCX មួយគ្រឿង ខ្ទាតទៅបុកផ្ទប់ជាមួយនិងរថយន្តក្រុងរបស់ក្រុមហ៊ុន ខាយណាម មួយគ្រឿងទៀតនៅចំណុចផ្លូវបំបែកជា៤នោះ ហើយអ្នកបើកបររថយន្តបង្ករត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៤៣០ កែងផ្លូវលេខ ១៨៣ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

បុរសរងគ្រោះឈ្មោះ បូរ៉ា រតន: អាយុ២៤ឆ្នាំ មានទីលំនៅនៅភូមិ ចម្រើនផល ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ3C-4340 បើកបរដោយបុរស ម្នាក់មិនស្គាល់ អត្តសញ្ញាណម្នាក់ ដែលជារបស់ក្រុមហ៊ុនខារ៉ាបាវ។

តាមប្រភពព័ត៌មានពីសមមត្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះបានជិះម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1DQ-1665មួយគ្រឿង លុះមកដល់ចំណុចកើតហេតុ ក៏បានជិះទន្ទឹមគ្នាជាមួយនិង រថយន្តក្រុងធន់ធំ ពាក់ស្លាកលេខ ភ្នំពេញ3B-1199 មួយគ្រឿងជារបស់ក្រុមហ៊ុន ខាយណាមនោះ។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលដែលម៉ូតូរបស់បុរសរងគ្រោះកំពុងតែជិះទន្ទឹមគ្នា ជាមួយរថយន្តក្រុងមួយគ្រឿងមកដល់ចំណុចខាងលើដែលជាផ្លូវបំបែកជា៤នោះ ក៏ស្រាប់តែរថយន្តរបស់ក្រុមហ៊ុន ខារ៉ាបាវ បង្កបើកមកបុកយ៉ាងពេញទំហឹងបណ្តាលឲ្យបុរសរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង ហើយអ្នកបើកបររថយន្តបង្កចុះ រត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ បុរសរងគ្រោះត្រូវបានគេបញ្ជូនយកទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលនៅក្បែរនោះ ហើយកម្លាំងមានសមត្ថកិច្ចក៏បានធ្វើការវាស់វែងនិង យករថយន្តទាំង ២គ្រឿង និង ម៉ូតូរបស់ជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាបន្តទៅទៀត៕

មតិយោបល់