ព័ត៌មានជាតិ

សំណុំរឿងបុរស២នាក់ ក្លែងខ្លួនជាឧត្តមសេនីយ៍យោធា កាន់អាវុធខុសច្បាប់ និងចរាចរលុយក្លែងក្លាយ ត្រូវតំណាងអយ្យការ ដោះលែងម្នាក់ ទុកតែម្នាក់

ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌឬស្សីកែវ បានឱ្យដឹងថា លោក ម៉ុង មុនីសោភា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបុរសម្នាក់ ដែលបានប្រើឈ្មោះ និងឯកសណ្ឋានយោធា ពាក់ផ្កាយ៣ និងចរាចរលុយដុល្លារក្លែងក្លាយ ព្រមទាំងមានអាវុធខុសច្បាប់ជាបណ្តោះអាសន្ននៅពន្ធនាគារហើយ។

ទោះជាយ៉ាងណា សមត្ថកិច្ចដដែលបានឱ្យដឹងថា សំណុំរឿងមួយនេះ សមត្ថកិច្ចបានឃាត់ខ្លួន មនុស្សចំនួន ២នាក់ រួចបានកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែត្រូវបាន លោក កុល បុន ជាតំណាងអយ្យការបានសម្រេចដោះលែងជនសង្ស័យម្នាក់ឈ្មោះឈ្មោះ សន ប៊ុនថេង ឱ្យទៅផ្ទះវិញ និងសម្រេចចោទប្រកាន់តែជនសង្ស័យឈ្មោះ ឡូត ហេង ហៅ ម៉េង បញ្ជូនទៅចៅក្រមស៊ើបសួរតែម្នាក់ប៉ុណ្ណោះ។

ពាក់ព័ន្ធសំណុំរឿងនេះ លោក លី សុផាណា អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់តាម Telegram ថា តំណាងអយ្យការ សម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ឈ្មោះ ឡូត ហេង ហៅ ម៉េង ពីបទ កាន់កាប់អាវុធដោយខុសច្បាប់ បទ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទ ចរាចរក្រដាសប្រាក់ក្លែងក្លាយដោយចេតនា និងបានបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្ត។

ទោះជាយ៉ាងណា លោក លី សុផាណា មិនបានឆ្លើយតបនឹងសំនួរ ដែលពាក់ព័ន្ធនឹងការសម្រចដោះលែងជនសង្ស័យ ឈ្មោះ សន ប៊ុនថេង ពីសំណាក់លោក កុល បុន ជាតំណាងអយ្យការ នោះទេ។

ពាក់ព័ន្ធការសម្រេចដោះលែងជនសង្ស័យនេះ លោក ទៀង ចាន់សា អធិការនគរបាលខណ្ឌឬស្សីកែវ បានថ្លែងប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា សមត្ថកិច្ចជំនាញ បានចាប់ខ្លួនក្រុមជនសង្ស័យ ដោយមានភស្តុតាងយ៉ាងរឹងមាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ប៉ុន្តែបើព្រះរាជអាជ្ញាលែងជនសង្ស័យ នោះជាឆន្ទានុសិទ្ធិរបស់ លោកព្រះរាជអាជ្ញា ដូច្នេះនគរបាលយុត្តិធម៌ គ្មានសិទ្ធិអីនិយាយទៀតទេ ព្រោះផុតដៃសមត្ថកិច្ចហើយ។

គួររំលឹកថា កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌឬស្សី បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ ទី១ឈ្មោះ ឡូត ហេង ហៅ ម៉េង ភេទប្រុសអាយុ ២៩ឆ្នាំ មានទីលំនៅផ្ទះជួល សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ មុខរបរយោធា ជាម្ចាស់អាវុធខ្លី និងលុយក្លែងក្លាយ និងទី២ឈ្មោះ សន ប៊ុនថេង ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅផ្ទះជួលភូមិឃ្លាំង សង្កាត់ឬស្សីកែវ មុខរបរយោធា គឺជាអ្នកកាន់អាវុធ កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨កែវ នៅចំណុចផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

នៅពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ច ដកហូរសម្ភារភស្តុតាងរួមមាន៖

  • ១/អាវុធខ្លីជ័រប្រើហ្គាសមួយដើម
  • ២/ប្រាក់ដុល្លារក្លែងក្លាយ (ពណ៌ខ្មៅ) ចំនួន១៥សន្លឹក
  • ៣/ប្រាក់ដុល្លារក្លែងក្លាយ ចំនួន១០៨០ដុល្លារ
  • ៤/ប្រាក់រៀលចំនួន២៥០០០រៀល
  • ៥/ម៉ូតូមួយគ្រឿងម៉ាកSZពណ៌ស លាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1BW-8627
  • និង៦/អត្តសញ្ញាណប័ណ្ណយោធា២សន្លឹក៕

មតិយោបល់