ព័ត៌មានជាតិ

ក្មេងប្រុសស្រី៣នាក់ លង់ទឹកស្លាប់ខណៈឪពុកម្តាយរវលផឹកសុីសប្បាយ

ពោធិ៍សាត់: ក្មេងប្រុសស្រី ៣នាក់ បានលង់ទឹកស្លាប់ យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង ៤នឹង៣០នាទីល្ងាច ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៦ នៅចំណុចស្ពានសម្តេចហ៊ុនសែន ស្ថិតក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

លោក វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ឱ្យដឹងថា ក្មេងរងគ្រោះទាំងបីនាក់ដែលលង់ទឹកស្លាប់ ទី១-ឈ្មោះ ឈឿន គឹមយ៉េង ភេទស្រី អាយុ ១៣ឆ្នាំ, ទី២-ឈ្មោះ រិន រីចែរ ភេទប្រុស អាយុ០៦ឆ្នាំ និង ទី៣-ឈ្មោះ លី ម៉េងហួយ ភេទស្រី អាយុ ០៧ឆ្នាំ ។ ក្មេងទាំងបីនាក់នេះជាបងប្អូនជីដូនមួយនឹងគ្នា រស់នៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

លោកអធិការបន្តទៀតថា មុនពេលកើតហេតុ គ្រួសារក្មេងដែលរងគ្រោះទាំងបីបាននាំគ្មាមកលេងកម្សាន្តនៅចំណុចកើតហេតុខាងលើ ហើយក៏នាំគ្នាផឹកស៊ី ភ្លេចគិតក្មេងៗកំពុងលេងទឹក ក្រោមស្ពានសម្តេចហ៊ុនសែន ស្រុកភ្នំក្រវាញ ។ ភ្លាមនោះក៏បាត់ក្មេងៗ ហើយនាំគ្នាផ្អើតឆោឡោ ដើររក និង រាវរកក៏ប្រទះក្មេងទាំងបីនាក់លង់ទឹកស្លាប់បាត់ទៅហើយ៕

មតិយោបល់