ភ្នំពេញៈ គ្រឿងញៀន ជាបញ្ហាសង្គមដ៏ក្តៅគគុកមួយ ដែលប្រជាជន មហាជន ស្អប់ខ្ពើម មិនចង់ជួប មិនចង់លឺ។ តែបើយើងសង្កេត មើលមែនទែនទៅ បញ្ហាគ្រឿងញៀន វាមិនមែនជារឿងរបស់ខ្មែរតែម្នាក់ឯងនោះទេ វាជារឿងរបស់ពិភពលោកទាំងមូល កំពុងតែប្រឈមដូចៗគ្នា។ សូម្បីតែប្រទេសមហាអំណាចអាមេរិក ក៏មានអ្នកលក់ អ្នកជក់គ្រឿងញៀន ធ្ងន់ធ្ងរជាងខ្មែររាប់សិបដង។ សូម្បីតែនៅហ្វីលីពីន ធ្វើការបង្ក្រាបយ៉ាងឃោរឃៅ ដោយបាញ់សម្លាប់អ្នកជួញដូរគ្រឿងញៀន គ្មានញញើតដៃនៅនឹងកន្លែង ក៏នៅមិនទាន់បោសសំអាតគ្រឿងញៀនអស់ពីប្រទេសបានផងដែរ។ ដូច្នេះមានតែយើងរួមគ្នាបង្កាទប់ស្កាត់និងលុបបំបាត់ជាមួយគ្នា ទើបមានប្រសិទ្ធិភាព។
ដោយឡែកចំពោះ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន ជាបន្តបន្ទាប់ ទាំងមេក្លោងជួញដូរ អ្នកចែកចាយ និង អ្នកប្រើប្រាស់គ្រឿង សរុបរាប់រយនាក់ក្នុងមួយឆ្នាំៗ ត្រូវបានបញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមច្បាប់។
ការបង្ការ ទប់ស្កាត់ ប្រឆាំងបទល្មើសគ្រឿងញៀន គឺទាមទារឲ្យមានការ សហការណ៍ ពីគ្រប់ ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសគឺការសហការផ្តល់ព័ត៌មាន ពីប្រជាពលរដ្ឋដែលបានឃើញនិងជួបហេតុការណ៍ផ្ទាល់។តាមគោលការណ៍ច្បាប់ ការចោទប្រកាន់និងឃាត់ខ្លួនជនណាម្នាក់ ត្រូវមានភស្តុតាង សាក្សី ពេលវេលា និងទីកន្លែងប្រព្រឹត្តបទល្មើសពិតប្រាកដ ទើបអាចអនុវត្តទៅបាន ដែលកត្តានេះបានធ្វើឲ្យជនល្មើសមានភាពវៃឆ្លាតក្នុងការពង្វាងដានសមត្ថកិច្ច និងបំផ្លាញភស្តុតាងចោល ជាញឹកញាប់ នៅពេលណាដែលសមត្ថកិច្ច ចុះបង្ក្រាបដល់ទីកន្លែងផ្ទាល់។
ជាក់ស្តែង នៅថ្ងៃ២៤ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១២និង២០នាទី កម្លាំងល្បាតរបស់ មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុច ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ បញ្ជូនមកទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។
តាមវិធានការណ៍ជំនាញ ក្នុងថ្ងៃដដែល នាវេលាម៉ោង១៣និង៣០នាទី កម្លាំងជំនាញ នៃការិយាល័យបទគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសហការណ៍ ជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌឬស្សីកែវ ធ្វើការឃាត់ខ្លួនជនសង្ស័យបាន០១នាក់បន្ថែមទៀត នៅចំណុចផ្លូវបេតុង ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ហើយនៅវេលាម៉ោង១៤និង៣០នាទី សមត្ថកិច្ចបានស្រាវជ្រាវឈានទៅ ឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត នៅចំណុចផ្ទះលេខ6D ផ្លូវបេតុង ភូមិខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ និងបានបន្តស្រាវជ្រាវទៅធ្វើការឃាត់ខ្លួន ជនល្មើសម្នាក់ទៀត ដែលជាមេក្លោងជួញដូរគ្រឿងញៀនដ៏ធំនិងសកម្មភាព ក្នុងសង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។ សរុបមុនក្រោយ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្រុមជួញដូរនិងចែកចាយគ្រឿងញៀន ទាំងនេះ បាន៦នាក់។
ប៉ុន្តែគួរឲ្យសោកស្តាយ ខណៈពេលដែលសមត្ថកិច្ចចុះបង្ក្រាប មេខ្លោងក្នុងការជួញដូរគ្រឿងញៀនខាងលើ ជនល្មើសបាន ព្យាយាម បំផ្លាញភស្តុតាង ដោយយកគ្រឿងញៀនចាក់ចូលក្នុងបង្គន់បង្ហូរចោលអស់ចំនួន២កញ្ចប់ធំ ហើយសមត្ថកិច្ចអាវុធហត្ថ ដកហូតបានតែគ្រឿងញៀនមួយចំនួន ដែលស្រង់ចេញពីបង្គន់ និងដកហូតសំណល់ថងធំ ដែលជនល្មើសបានចាក់រំលែកគ្រឿងញៀន ជាថង់តូចៗយកទៅចែកចាយលក់ចេញអស់ ជាច្រើនថងព្រមទាំងជញ្ជីងអេឡិចត្រូនិចថ្លឹងគ្រឿងញៀនខ្នាតធំ សម្រាប់ថ្លឹងគ្រឿងញៀន ច្រើនគីឡូឡើងទៅ ចំនួន៣គ្រឿង។
តាមរយៈវិធានការជំនាញ និងការសារភាពរបស់ជនល្មើសដែលជាមេខ្លោង បានឲ្យដឹងថា គ្រឿងញៀនដែលរូបគេបានយកមកបែងចែកលក់បន្តមានប្រហែល១៥គីឡូក្រាម តែបានបំបែកលក់ចេញអស់ប្រហែល១៣គីឡូក្រាម ក៏ត្រូវសមត្ថកិច្ចអាវុធហត្ថស្រាវជ្រាវមកទាន់ដល់សំបុករបស់គេ ទើបរូបគេយកគ្រឿងញៀនដែលសល់ពីការបែងចែកលក់ ប្រហែល២គីឡូក្រាម ចាក់ចូលក្នុងបង្គន់បំបាត់ភស្តុតាង តែបង្ហូរចោល មិនទាន់អស់ ក៏ត្រូវសមត្ថកិច្ចបុកទម្លុះទ្វារចូលដល់ក្នុងផ្ទះ និងស្រង់ ថ្នាំញៀនបានខ្លះពីក្នុងបង្គន់មកវិញ។
ទោះបីជនល្មើសព្យាយាមបំផ្លាញភស្តុតាងយ៉ាងណាក៏ដោយ ក៏សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានី ភ្នំពេញបានស្រាវជ្រាវយ៉ាងហ្មត់ចត់ និងរកឃើញភស្តុតាងគ្រប់គ្រាន់ក្នុងការដាក់បន្ទុក ជនសង្ស័យ ទាំង៦នាក់រួមទាំងមេខ្លោងធំ និងបានបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។
ជាមួយករណីជាក់ស្តែងនេះ សមត្ថកិច្ចបានពន្យល់ថា ប្រសិនបើសមត្ថកិច្ចរកមិនឃើញភស្តុតាងជាក់លាក់នោះទេ ជនល្មើសក៏នឹងមិនត្រូវបានចោទប្រកាន់ តាមផ្លូវតុលាការនោះដែរ (នេះជាធាតុសត្យានុម័ត ក្នុងចំណោមធាតុទាំង៣ នៃគោលការណ៍ច្បាប់ ដែលបានកំណត់ថា ដើម្បីចោទ ប្រកាន់និងសម្រេចទោសជនណាម្នាក់បាន ត្រូវមានធាតុផ្សំ៣គឺ៖ ធាតុនិត្យានុកូលភាព, ធាតុសត្យានុម័ត និងធាតុអត្តនោម័ត ដោយមិនអាចខ្វះធាតុណាមួយបានឡើយ)។
ឧទាហរណ៍បើយើង ចង្អុលថា នណាម្នាក់ជាជនល្មើស ហើយសមត្ថកិច្ចធ្វើការឃាត់ខ្លួនម្នាក់នោះ យកមកផ្តន្ទាទោស ដោយមិនមានភស្តុតាង ពេលវេលា ទីកន្លែងប្រព្រឹត្តបទល្មើស និងសាក្សីជាក់លាក់ នោះសមត្ថកិច្ច នឹងក្លាយទៅជាអ្នកបំពានច្បាប់ ជាអ្នកមិនគោរពសិទ្ធិមនុស្ស ជាអ្នករំលោភលើសិទ្ធសេរីភាពពលរដ្ឋ ដូច្នេះតើនណាជាអ្នកទទួល ខុសត្រូវ? តើមាននណាហ៊ានចេញមុខធ្វើជាសាក្សី ចង្អុលថាម្នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនដោយគ្មានភស្តុតាងនោះ គឺជាជនល្មើស ដែរទេ? (ចម្លើយគឺ ច្បាស់ជាគ្មានទេ ព្រោះម្នាក់ៗគិតថាការធ្វើជាសាក្សី គឺជាការនាំទុក្ខដាក់ខ្លួន)។ ចុះបើថ្ងៃណាមួយ មានគេចង្អុលបង្ហាញថា យើងជាជនល្មើស ដោយគ្មានភស្តុតាងគ្រប់គ្រាន់ និងមិនបញ្ជាក់ពី ពេលវេលា ទីកន្លែង ប្រព្រឹត្តបទល្មើសច្បាស់លាស់ តើតម្រូវឲ្យសមត្ថកិច្ចឃាត់ខ្លួនយើង តាមការចង្អុលបង្ហាញនោះ ដែរឬទេ?
ដូច្នេះសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាវឲ្យមានការចូលរួមសហការណ៍ផ្តល់ព័ត៌មាន ពីប្រជាជន មហាជន គ្រប់មជ្ឍដ្ឋាន ដែលបានឃើញនិងជួបហេតុការណ៍ផ្ទាល់ពាក់ព័ន្ធបទល្មើស ជូនដល់សមត្ថកិច្ច សម្រាប់ធ្វើជាមូលដ្ឋានក្នុងការស្រាវជ្រាវបង្ក្រាប ដើម្បី សន្តិសុខ សុវត្ថិភាព និង ការរីកចម្រើនរបស់សង្គមជាតិយើងទាំងអស់គ្នា៕
មតិយោបល់