ព័ត៌មានជាតិ

កញ្ចប់ជំនួយអាវុធលើកដំបូងរបស់អាល្លឺម៉ង់ រួមមានទាំងកាំភ្លើងធំ Howitzers ត្រូវបានបញ្ជូនទៅដល់អ៊ុយក្រែន

(កៀវ)៖ ក្រសួងការពារជាតិអ៊ុយក្រែន បានឲ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា ប្រព័ន្ធកំាំភ្លើងធំ ហាវវីតហ្សឺ (Howitzers) របស់អាល្លឺម៉ង់បានមកដល់ទីក្រុង កៀវហើយ ដែលនេះជាការប្រគល់អាវុធលើកដំបូង នៃការសន្យាផ្តល់ដោយទីក្រុងបែរឡាំង។

កាលពីខែឧសភាកន្លងទៅ អាល្លឺម៉ង់បានសន្យាផ្តល់កាំភ្លើងធំ howitzers ចំនួន ៧គ្រឿង ដល់ទីក្រុងកៀវ ហើយបើតាមលោក អាន់ឌ្រី យឺម៉ាក (Andriy Yermak) ដែលជាប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានបង្ហាញបញ្ជីឈ្មោះប្រភេទអាវុធផ្សេងទៀត ដែលអាល្លឺម៉ង់សន្យាផ្តល់ឲ្យ អ៊ុយក្រែន គឺរួមមានរថក្រោះហ្សេប៉ា (Gepard) ចំនួន ៣០គ្រឿង និងយានបាញ់គ្រាប់រ៉ុក្កែត MARS II ចំនួន៣គ្រឿង ព្រមទាំងកាំភ្លើងបាញ់លើស្មា Stinger missiles ចំនួន ៥០០ដើមផងដែរ។

រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក អូឡិចស៉ី រ៉េសនីកូវ (Oleksii Reznikov) បានសរសេរនៅលើបណ្តាញផ្សព្វផ្សាយសង្គមរបស់លោក យ៉ាងដូច្នេះថា « ក្នុងការបញ្ជូនអាវុធលើកដំបូងនេះ យើងក៏ទទួលបានការបំពេញបន្ថែម….នូវប្រព័ន្ធកំាំភ្លើងធំ Howitzers ឬហៅម្យ៉ាងទៀត ប៉ាន់ហ្សែរហាវបីត ២០០០ (Panzerhaubitze 2000) របស់អាល្លឺម៉ង់ ជាមួយនឹងការហ្វឹកហ្វឺនដល់កងកម្លាំងអ៊ុយក្រែនផងដែរ»។ Panzerhaubitze 2000 គឺជាប្រព័ន្ធកាំភ្លើងធំ ដ៏មានអានុភាព ហើយអាចវាយប្រហារគោលដៅក្នុងចម្ងាយ ៤០គីឡូម៉ែត្រ៕

Reuters

មតិយោបល់