លោក Narendra Modi ទើបតែជាប់ឆ្នោតជានាយករដ្ឋមន្ត្រីឥណ្ឌា ប៉ុន្តែអ្វីដែលអស្ចារ្យនោះគឺថា អ្នកគាំទ្រលោក នៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook បានកើនឡើងដល់ ១៥លានlike ដែលធ្វើឲ្យលោកឈរនៅលេខរៀងទី២ បន្ទាប់ពីលោកអូបាម៉ា។
លោក Andy Stone ប្រធានទំនាក់ទំនងគោលនយោបាយ Facebook បានឲ្យដឹងថា Facebook Page របស់លោក Narendra Modi បានកើនចំនួនអ្នក Like យ៉ាងឆាប់រហ័សនៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដែលនេះជាការកើនឡើងមួយពុំធ្លាប់មានពីមុនមក។
កាលពីថ្ងៃទី០៧ខែមេសា ឆ្នាំ ២០១៤ ក្នុងតំណាក់កាលបោះឆ្នោតលើកដំបូងនៅឥណ្ឌា Facebook Page របស់លោក Narendra Modi មានចំនួន ត្រឹមតែ ១២,៤៦លានlike ប៉ុណ្ណោះ ប៉ុន្តែនៅពេលនេះ វាបានកើនឡើងដល់ ១៥.៣៤៥.៦១៩like (គិតត្រឹមម៉ោង ៣រសៀលថ្ងៃទីនេះ)។
ក្នុងចំណោម Facebook Page របស់អ្នកនយោបាយ មានតែ លោក អូបាម៉ាមួយប៉ុណ្ណោះ ដែលមានចំនួនអ្នក Like ច្រើនជាងគេបំផុត គឺ ៤០លានlike ប៉ុន្តែនៅពេលនេះ Narendra Modi បានឈរនៅលេខរៀងទី២៕
មតិយោបល់