ព័ត៌មានជាតិ

ផ្ទុះសេម៉ាស៊ីនត្រជាក់ ឆេះផ្អើលសមត្ថកិច្ចទាំងយប់

ភ្នំពេញៈ អគ្គិភ័យផ្ទុះសេម៉ាស៊ីនត្រជាក់ ឆាបឆេះផ្ទះល្វែងមួយ ក្នុងបុរីបេលកាឡុង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះល្វែងលេខD១៣ ផ្លូវលេខ១ ក្នុងបុរីបេលកាឡុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

បើតាមសម្តីពីស្តីម្នាក់ ឈ្មោះ សៀម លក្ខ័ណា អាយុ២៨ឆ្នាំ ដែលជាអ្នកជួលផ្ទះខាងលើ បានរៀបរាប់ប្រាប់ឲ្យដឹងថា ផ្ទះខាងលើគាត់បានជួលពីឈ្មោះ ប៊ុត សោភ័ណ្ឌ ភេទប្រុស អាយុ៤៨ឆ្នាំ ដែលជាម្ចាស់ផ្ទះ។ ដោយនៅវេលាម៉ោង៦ល្ងាច ថ្ងៃកើតហេតុគាត់ បានហៅជាងម៉ាស៊ីនត្រជាក់ឲ្យមកដំទ្បើងម៉ាស៊ីនត្រជាក់នៅជាន់ទី១ លុះដល់វេលាម៉ោង៧ថ្ងៃដដែល ជាងក៏បានប្រាប់គាត់ថា ម៉ាស៊ីត្រជាក់បានដំឡើងរួចរាល់ហើយ។ បន្ទាប់មកគាត់ ក៏បានចាក់សោទ្វារផ្ទះខាងលើ រួចក៏ចេញទៅផ្ទះម្តាយរបស់គាត់ ដែលនៅក្បែរកន្លែងកើតហេតុ។ រហូតដល់វេលាកើតហេតុ ស្រាប់តែមានគេឆោឡោថា មានភ្លើងឆេះផ្ទះហើយគាត់ ក៏បានរត់មកមើលស្រាប់តែឃើញមានផ្សេងឃ្មួរខ្មាញ់ ចេញមកពីជាន់១ផ្ទះរបស់គាត់។ រួចគាត់ក៏បានរត់ចាក់សោទ្វារ ដើម្បីឲ្យគេជួយអន្តរាគមន៍ បន្ទាប់មកប្រជាពលរដ្ឋបាននាំគ្នាយកបំពុងពន្លត់អគ្គីភ័យ ទៅបាញ់ពន្លត់អស់បួនប្រាំបំពុងតែមិនរលត់។ ហើយគាត់ក៏បានទាក់ទងទៅរថយន្តពន្លត់អគ្គីភ័យ ឲ្យចុះមកជួយអន្តរាគមន៍ ក៏មានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកចំនួនពីរគ្រឿង ហើយបានធ្វើការបាញ់ពន្លត់អស់ចំនួនមួយគ្រឿង ទើបរលត់ទៅវិញជាស្ថាពរ។

តាមសម្តីពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ករណីអគ្គីភ័យខាងលើ មិនបង្កឲ្យឆេះរាលដាលដល់ផ្ទះ អ្នកជិតខាងនេះទេ គឺគ្រាន់តែខូចខាតម៉ាស៊ីនត្រជាក់ប៉ុណ្ណោះ ហើយករណីខាងលើគឺបង្កឡើងដោយសារតែការផ្ទុះចរន្តអគីគីចេញមកពីម៉ាស៊ីនត្រជាក់៕

មតិយោបល់