ភ្នំពេញៈ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ខណៈពេលជិះម៉ូតូ១គ្រឿងក្នុងស្ថានភាពស្រវឹង ហើយពេលទៅដល់ត្រង់ចំណុចផ្លូវខ្វែង បានជែងរថយន្តលាយបេតុង រួចក៏ជ្រុលទៅបុកពីក្រោយរថយន្តដឹកជ្រូក បណ្ដាលឲ្យរងរបួសធ្ងន់តែម្ដង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ នៅតាមផ្លូវព្រៃស ភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ។
តាមប្រភពីសមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះរូបនោះមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ ជិះម៉ូតូម៉ាកស៊ុយសាគីស្មាស់វី១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BN-7286 ។ ចំណែករថយន្តដឹកជ្រូកម៉ាក នីស្សាន់ឌីស៊ែល ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-0012 បើកបរដោយបុរសម្នាក់ឈ្មោះ ឆន រាជ អាយុ២៨ឆ្នាំមានទីលំនៅក្នុងភូមិកណ្ដាល ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុបុរសរងគ្រោះខាងលើបានជិះម៉ូតូធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត វ៉ារថយន្តដឹកស៊ីម៉ង់ត៍១គ្រឿងនៅខាងមុខ។ ខណៈនោះក៏បានជ្រុលទៅបុកពីក្រោយរថយន្តដឹកជ្រូកចំកាងពេលដែលរថយន្តនេះកំពុងបើកបរក្នុងទិសដៅពីជើងទៅត្បូង ហើយដៃចង្កូតម៉ូតូបានទាក់ជាមួយកាងរថយន្តអូសជាច្រើនម៉ែត្របណ្ដាលឲ្យបុរសនោះរងរបួសធ្ងន់ បន្ទាប់មកត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួននាំទៅសាកសួរនិងចាត់ការតាមច្បាប់៕
មតិយោបល់