ព័ត៌មានជាតិ

តាក់ស៊ីបើកលឿនបុកម៉ូតូកង់បីពីចំហៀងពេញទំហឹង មនុស្សប្រុសស្រី៤នាក់រងរបួស

ភ្នំពេញ: ម៉ូតូកង់បី១គ្រឿងបានក្រឡាប់ នៅនឹងកន្លែង ដោយត្រូវបានរថយន្តតាក់ស៊ី១គ្រឿង បើកទៅបុកពីចំហៀងយ៉ាងពេញទំហឹង ត្រង់ស្តុបបែកជាបួន មុខមន្ទីរពេទ្យព្រះអង្គឌួង បណ្តាលឲ្យមានមនុស្សប្រុសស្រី៤នាក់រងរបួសស្រាល។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២និង៣០នាទីយប់ ឈានចូលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវព្រះនរោត្តម កែងនឹងផ្លូវលេខ១១០ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូកងបី១គ្រឿង បើកដោយបុរសម្នាក់ រួមដំណើរដោយអ៊ុំស្រីម្នាក់ ក្មេងប្រុសម្នាក់ នឹងក្មេងស្រីម្នាក់ ដែលមានពាក់ស្លាកលេខ ភ្នំពេញ1AU- 0394 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១១០ ក្នុងទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុ ត្រង់ស្តុបបែកជាបួន មុខមន្ទីរពេទ្យព្រះអង្គឌួង ក៏មានរថយន្តតាក់ស៊ីខ្មែរ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2AK- 6311 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ខណ:មកដល់កន្លែងកើតហេតុខាងលើ រថយន្តតាក់ស៊ីនោះមិនបានបន្ថយល្បឿន ក៏បានបើកទៅបុកម៉ូតូកង់បីពីចំហៀង យ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូកង់បីក្រឡាប់នៅនឹងកន្លែង រងការខូចខាតស្ទើរទាំងស្រុង រីឯរថយន្តតាក់ស៊ីវិញ រងការខូចខាតតែបន្តិចនោះទេ ចំណែកអ្នកបើកម៉ូតូកងបី នឹងអ្នករួមដំណើរវិញ គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរបានចុះមកធ្វើការវាស់វែងយករថយន្តនឹងម៉ូតូកង់បីទៅរក្សាទុកនៅការិយាល័យស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយនៅពេលក្រោយ៕

មតិយោបល់