ភ្នំពេញៈ បុរសម្នាក់មានប្រពន្ធ២ ប៉ុន្តែប្រពន្ធទី១បានលែងលះគ្នា ហើយក្រោយមកគាត់ក៏បានយកប្រពន្ធម្នាក់ទៀត លុះក្រោយពីរស់នៅជាមួយគ្នាមួយរយៈពេល ស្រាប់តែប្រពន្ធក្រោយនេះបានរត់ចោលគាត់បាត់ទៀត ។ ដោយសារតែជួបវិបត្តគ្រួសារផ្ទួនៗគ្នាបែបនេះ បានធ្វើឲ្យគាត់ខូចចិត្តយ៉ាងខ្លាំងហើយក៏ផឹកថ្នាំពុលសម្លាប់ខ្លួនឯង ប៉ុន្តែមិនស្លាប់ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរនិងត្រូវបាន នគរបាលហៅរថយន្តសង្រ្គោះដឹកយកទៅសង្រ្គោះបន្ទាន់។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១និង២០នាទីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅក្បែរមាត់ស្រះទឹកមួយកន្លែង ក្នុងភូមិកាកាប២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ បុរសរូបនេះមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ ប៉ុន្តែមិត្តភក្ដិបានហៅគាត់ថា នាគៗ មានអាយុប្រហែលជិត ៤០ឆ្នាំ មុខរបរជាកម្មករសំណង់នៅការដ្ឋានជិតនោះដែរ ។
មិត្តភក្ដិរួមការងារជាមួយបុរសនេះបានប្រាប់ថា បុរសនេះធ្លាប់បានប្រាប់ពួកគាត់ពីវិបត្តផ្លូវចិត្ត ដែលបានកើតឡើងលើខ្លួនគាត់ជាបន្តបន្ទាប់ ដែលធ្វើឲ្យគាត់លែងចង់រស់នៅតទៅទៀត ដោយមានប្រពន្ធ២ ប៉ុន្តែប្រពន្ធដើមបានលែងលះគ្នាក្នុងពេលកន្លងមក។ ក្រោយពីលែងប្រពន្ធដើមបុរសនេះបានយកប្រពន្ធទី២ម្នាក់ទៀត ដើម្បីសាងគ្រួសារថ្មី ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ ក្រោយពីការរួមរស់ជាមួយគ្នាបានមួយរយៈប៉ុណ្ណោះ ក៏ស្រាប់តែប្រពន្ធទី២នេះបានរត់ចោលគាត់ទៀត។
ប្រភពដដែលបានបន្តទៀតថា ព្រោះតែវិបត្តិគ្រួសារនេះហើយទើបនៅថ្ងៃ ពេលទៅរកត្រីធ្វើម្ហូបនៅចំណុចស្រះទឹកជិតកន្លែងកើតហេតុ បុរសនេះបានយកថ្នាំពុល១ដបទឹកសុទ្ធទៅតាម ដើម្បីផឹកសម្លាប់ខ្លួន ហើយត្រូវបានអ្នកស្គាល់នាំគ្នាហាមឃាត់ និងយកថ្នាំពុលនោះបោះចោល ប៉ុន្តែពុំបាននឹកឃើញថា បើកគម្របដបចាក់ចោលទាល់តែសោះ។ បន្ទាប់មកក៏បានបែកគ្នាទៅរកត្រីជាធម្មតា លុះមួយសន្ទុះក្រោយមកស្រាប់តែឃើញជនរងគ្រោះដើរសុខៗ ស្រាប់តែដួលប្រកាច់បែកពពុះមាត់ក៏នាំគ្នារត់ទៅមើល ហើយបានឃើញដបថ្នាំពុលដែលយកទៅចោលនោះ ស្ថិតនៅក្បែរខ្លួនគាត់ទើបដឹងថា បុរសនោះបានទៅរើសយកថ្នាំពុលមកវិញហើយផឹកសម្លាប់ខ្លួនឯង។
ក្រោយពេលកើតហេតុនគរបាល បានចុះទៅពិនិត្យមើលនិងបានហៅរថយន្តពេទ្យដឹកយកបុរសខាងលើទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់៕
មតិយោបល់