ព័ត៌មានជាតិ

ប្តឹងភ្លាមចាប់ភ្លែត! បុរសជើងខ្លាំងប្រើកណ្តាប់ដៃវាយស្ត្រីកម្មករចាប់បានហើយ

ភ្នំពេញៈ ស្ដ្រីកម្មកររោងចក្រទឹកកកម្នាក់ត្រូវមេកាមើលខុសត្រូវរោងចក្រផលិតទឹកកកវាយចំនួន៣ដៃ បណ្ដាលឲ្យបែកចញ្ចើមហូរឈាមស្រោចពេញខ្លួន បានរត់មកប្ដឹងសមត្ថកិច្ចប៉ុស្តិ៍ដង្កោឲ្យជួយអន្ដរាគមន៍។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចរោងចក្រផលិតទឹកកកភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ស្ដ្រីរងគ្រោះមានឈ្មោះ ទ.រ អាយុ៣៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិកើតហេតុខាងលើ។ ចំណែកជនដៃដល់មានឈ្មោះ បុង សៅ អាយុ៣០ឆ្នាំ មានមុខរបរ ជាមេការនៅរោងចក្រផលិតទឹកកក មានស្រុកកំណើតនៅភូមិត្រពាំងពិការ ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។

បើតាមសម្ដីស្ដ្រីរងគ្រោះខាងលើបាននិយាយប្រាប់ទាំងទឹកភ្នែកថា មុនពេលកើតហេតុគាត់បានទៅធ្វើការដូចសព្វដង ហើយនៅកន្លែងធ្វើការរបស់គាត់មានគ្នាចំនួន៣នាក់ ហើយពេលដែលចូលធ្វើការមេការរូបនោះបានប្រើឲ្យគាត់ជាន់ធុងទឹកកកម្នាក់ឯង។ ចំណែក២នាក់ទៀតត្រូវមេការប្រើឲ្យជាន់ធុងជាមួយគ្នា ពេលនោះគាត់បានធ្វើការជាន់ធុងទឹកកកហើយៗ ចំណែក២នាក់នោះជាន់មិនទាន់ហើយទេ ពេលនោះដែរមេការរបស់គាត់បានប្រើឲ្យទៅជួយជាន់២នាក់នោះទៀត តែគាត់មានព្រមទៅជួយក៏ត្រូវមេការក៏មកវាយចំនួន៣ដៃ បណ្ដាលឲ្យបែកចញ្ចើមហូរឈាមពេញខ្លួន ទើបគាត់រត់មកប្ដឹងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលខណ្ឌដង្កោតែម្ដង។

ក្រោយពីទទួលពាក្យបណ្ដឹងពីស្រ្តីរងគ្រោះខាងលើ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ដង្កោក៏បានទៅឃាត់ខ្លួនជនបង្កយកមកសួរនាំនៅប៉ុស្តិ៍ដង្កោ នៅចំពោះមុខសមត្ថកិច្ចជនបង្កបានឆ្លើយប្រាប់ថា រូបគេពិតជាបានវាយទៅលើស្រ្តីរងគ្រោះមែន ព្រោះតែរូបគេខឹងស្រ្តីរងគ្រោះជេរនិងយកបោយទឹកគុបមកលើរូបគេ ក៏វាយស្រ្តីនេះតែម្ដងទៅ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងធ្វើតាមនីតិវិធី៕

មតិយោបល់