ព័ត៌មានជាតិ

ស្រាចូលខ្លួនហ៊ាន! សមត្ថកិច្ចឃាត់បុរសម្នាក់ផឹកស្រវឹងវាយបំផ្លាញទ្រព្យអ្នកដៃនិងជេរប្រមាថដល់អាជ្ញាធរ

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់ត្រូវបាននគរបាលមូលដ្ឋានចាប់ឃាត់ខ្លួនដោយសារយកចបកាប់ជនរងគ្រោះកំពុងអង្គុយលក់ដូរតែសំណាងល្អជនរងគ្រោះគេចខ្លួនផុត។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលវេលាម៉ោង០៣និង១០នាទីរសៀល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ចំណុចផ្សារចាស់ ភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នគរបាលស្រុកថ្មពួកបានឲ្យដឹងថាជនសង្ស័យឈ្មោះយឿន សំខាន់ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ចំណែកជនរងគ្រោះឈ្មោះឈៀប ស្រីវង ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ប្រភពដដែលបានបញ្ជាក់ថានៅមុនពេលកើតហេតុជនសង្ស័យឈ្មោះយឿន សំខាន់ បានផឹកស្រាស្រវឹងហើយបានធ្វើសកម្មភាពយកចបកាប់វ៉ៃទៅលើឈ្មោះឈៀប ស្រីវង កំពុងអង្គុយលក់ដូរត្រីសាច់នៅផ្សារដោយអះអាងថាជនរងគ្រោះនិយាយដើមខ្លួន។ពេលធ្វើសកម្មភាពជនរងគ្រោះបានគេចខ្លួនផុតនិងបានវាយបំផ្លាញចានដែកត្រីសាច់ដែលដាក់លក់ដូរធ្លាក់រាយប៉ាយនៅលើដីហើយជនដៃដល់ត្រូវបានអ្នកនៅក្បែរនោះជួយឃាត់។បន្ទាប់មកជននោះក៏បានយកចបកាប់ទៅកាប់កម្ទេចបំផ្លាញម៉ូតូរបស់ខ្លួនម៉ាកស្គុពីបណ្តាលឲ្យខូចខាត។

ក្រោយពីទទួលបានព័ត៌មានកម្លាំងនគរបាលមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនមកសួរនាំតែដោយអំណាចស្រាជនដៃដល់បានជេរប្រមាថសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានថែមទៀត។ដោយផ្អែកតាមបណ្ដឹងភាគីរងគ្រោះនិងអាជ្ញាធរមូលដ្ឋានបានសំណូមពរអោយសមត្ថកិច្ចចាត់ការតាមនីតិវិធី៕

 

មតិយោបល់