កណ្តាលៈ មានករណីហិង្សាក្នុងពីធីមង្គលការ កែវហោះ កៅអីហើរ បង្កឲ្យមានការភ្ញាក់ផ្អើល បណ្តាលឲ្យមនុស្សរងរបួស៣នាក់ និងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានម្នាក់។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោងជិត៩យប់ ថ្ងៃទី០២ ខែ មេសា ឆ្នាំ ២០១៨ នៅភូមិព្រែកតាឯក ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ក្លូ កយ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ ជាងកាត់សក់ ទីលំនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ និងឈ្មោះ ហៀង រស្មី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិទួលក្ដី ឃុំត្រើយស្លា ស្រុកស្អាង ខេត្រកណ្ដាល។ ចំណែកជនសង្ស័យឈ្មោះចាន់ ប៊ុនធឿន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ កសិករ ទីលំនៅភូមិព្រែកតាឯក ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។
នៅមុនពេលកើតហេតុ មានភ្ញៀវប្រុសស្រីបានរាំលេងកម្សាន្ត ស្រាប់តែមានជនមិនស្គាល់ឈ្មោះបានគប់កែវ បណ្ដាលឲ្យឈ្មោះ ហៀង រស្មី មុតថ្ងាស់ក្បាលចំនួន២កន្លែង មនុស្សក៏បានផ្អើល ឆោរឡោឡើង ភ្លាមនោះឈ្មោះភិន ឃុនបានសួរថាអ្នកណាគប់កែវត្រូវឈ្មោះរស្មី ហើយមានឈ្មោះ ចាន់ ប៊ុនធឿន ទាញកន្ដ្រៃចាក់បណ្ដាលឲ្យមុតចំពោះខាងឆ្វេងឈ្មោះភិន ឃុន (ស្រាល)។ ភ្លាមនោះមានឈ្មោះក្លូ កយចូលឃាត់និងបានប្រតាយប្រតប់គ្នាជាមួយឈ្មោះចាន់ ប៊ុនធឿន បានយកកន្ដ្រៃចាក់ ឈ្មោះ ក្លូ កយ មុតដៃខាងស្ដាំចំនួន២កន្លែងនិងមុតពោះខាងឆ្វេង១កន្លែង ឃើញដូច្នេះមានឈ្មោះម៉ៅ ម៉ៃ(ត្រូវជាបងជីដូនមួយឈ្មោះកយ)បានឃាត់ឈ្មោះចាន់ ប៊ុនធឿន ដោយយកឈ្មោះក្លូ កយចេញពីរោងការ ពេលនោះក៏មានហ្វូងមនុស្សគប់កែវទៅវិញទៅមកតែម្ដង។
ភា្លមៗនោះសមត្ថកិច្ច បានអន្តរាគមន៍ដល់កន្លែងកើតហេតុ រួចធ្វើការឃាត់ខ្លួនឈ្មោះចាន់ ប៊ុនធឿន មកប៉ុស្ដិ៍រដ្ឋបាលដើម្បីធ្វើការសាកសួរ។ ចំណែកជនរងគ្រោះឈ្មោះក្លូ កយ បានសង្គ្រោះបន្ទាន់ទៅ មន្ទីរពេទ្យព្រះកុសុមៈ រាជធានាភ្នំពេញ ។ បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលស្រុកស្អាងដើម្បីបន្ដ អនុវត្តតាមនីតិវីធី៕
មតិយោបល់