បន្ទាយមានជ័យៈ មានការភ្ញាក់ផ្អើលមួយដល់កងកម្លាំងនគរបាលខេត្ត បន្ទាយមានជ័យ ក៏ព្រោះតែទណ្ឌិតម្នាក់ជាជនជាតិថៃ បានព្យាយាមរត់ចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យ តែមិនបានសម្រេច ត្រូវមន្ត្រីអនុរក្សពន្ធនាគារ និងកងកម្លាំងនគរបាលខេត្តស្រាវជ្រាវដេញតាមចាប់ត្រឡប់មកវិញ។
ហេតុការបង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៦ ។ តាមមន្ត្រីពន្ធនាគារខេត្តបានឲ្យដឹងថា ទណ្ឌិតដែលព្យាយាមរត់ចេញពីពន្ធនាគារនោះ គៀង កៃ ស៊ីសាវ៉ាត់ ភេទប្រុសអាយុប្រហែល៣៧ឆ្នាំ ត្រូវបានតុលាការខេត្តបន្ទាយមានជ័យ កាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៧ឆ្នាំ ពីបទប៉ុនប៉ងធ្វើមនុស្សឃាតដោយចេតនា ឥឡូវជាប់ពន្ធនាគារទើបបាន២ឆ្នាំ។
ប្រភពដដែលបានបញ្ជាក់ថា នៅពេលដែលបញ្ចេញទណ្ឌិត និងពិរុទ្ធជនផ្សេងទៀត មកធ្វើពលកម្ម សម្អាត អនាម័យ នៅទីធ្លាខាងក្រៅ ក៏ស្រាប់តែឈ្មោះគៀងកៃ ស៊ីសាវ៉ាត់ បានលួចរត់ ហើយអនុរក្សពន្ធនាគារ បានផ្តល់ព័ត៌មាននេះ ដល់លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីសុំកម្លាំងសហការស្រាវជ្រាវ រហូតដល់ជាង១១ ព្រឹកថ្ងៃដដែល ទើបរកឃើញឈ្មោះគៀង កៃ ស៊ីសាវ៉ាត់ នេះ នៅមាត់ស្ទឹង ចម្ងាយពីពន្ធនាគារប្រហែល៣០០ម៉ែត្រហើយបានចាប់យកមកដាក់ក្នុងពន្ធនាគារវិញ៕
មតិយោបល់