អេហ្ស៊ីប: នៅថ្ងៃអាទិត្យនេះ ក្រសួងការបរទេសទួរគីបានថ្កោលទោស ចំពោះការកាត់ទោសឲ្យជាប់គុកអស់មួយជីវិតទៅលើ អតីតប្រធានាធិបតីលោក Mohamed Morsi របស់ប្រទេសអេហ្ស៊ីប។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៩ មិថុនានេះ។
ក្រសួងការបរទេសបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា យើងមានការព្រួយបារម្ភយ៉ាងខ្លាំងនិងថ្កោលទោសការកាត់ទោសមួយជីវិតទៅលើ លោក Morsi ដែលជាអតីតប្រធានាធិបតីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យលើកដំបូងរបស់ប្រទេសអេហ្ស៊ីប ដែលបានស្ថិតនៅក្រោមការចាប់ខ្លួន តាំងពីឆ្នាំ២០១៣។
សេចក្តីថ្លែងការណ៍ដដែលនេះបាននិយាយថា យើងជឿជាក់ថាសាលក្រមនេះនឹងមិនរួមចំណែកដល់សន្តិភាព និងស្ថិរភាពរបស់ប្រទេសអេហ្ស៊ីប ឡើយ។ តុលាការអេហ្ស៊ីបកាលពីថ្ងៃសៅរ៍បានផ្តន្ទាទោសលោក Morsi រួមជាមួយនឹងសហចុងចោទអ៊ិស្លាមពីរនាក់ផ្សេងទៀត ឲ្យជាប់ពន្ធនាគារ អស់មួយជីវិតពីបទធ្វើចារកម្មនិងការលេចធ្លាយឯកសារសម្ងាត់ ទៅប្រទេសកាតា។
លោក Morsi ត្រូវបានគេផ្តួលរំលំដោយកងទ័ពនៅក្នុងឆ្នាំ២០១៣ នៅក្នុងការឆ្លើយតបទៅនឹងការតវ៉ាទ្រង់ទ្រាយធំប្រឆាំងច្បាប់មួយឆ្នាំរបស់លោក ផងដែរ។ ក្រុមភាតរភាពមូស្លីមរបស់លោកត្រូវបានកំណត់ថា ជាក្រុមភេរវកម្មមួយ។
សូមបញ្ជាក់ថា ច្បាប់កាត់ទោសឲ្យជាប់គុកមួយជីវិតរបស់ប្រទេសអេហ្ស៊ីប គឺមានន័យថាជាប់គុក ២៥ឆ្នាំប៉ុណ្តោះ តែដោយហេតុថា តុលាការអេហ្ស៊ីប បានរកឃើញបទល្មើសរបស់លោក Morsi ជាច្រើនទៀត ដូច្នេះតុលាការបានបន្ថែមទោស ១៥ឆ្នាំថែមទៀត ទើបលោក Morsi ត្រូវជាប់គុក ៤០ឆ្នាំ៕
មតិយោបល់