ព័ត៌មានជាតិ

ឆក់លើកទីមួយមិនសម្រេចឆក់លើកទី២បានសម្រេចតែជាប់គុក

ភ្នំពេញ: នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់ ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។ ជនសង្ស័យឈ្មោះ ជួន សុខ ហៅឡេវ ភេទប្រុស អាយុ ២៤ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចម្ការមន និងសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន យកទៅសួរនាំ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃ ១គ្រឿង ម៉ាក IPhone X ពីប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៦និង១៥ព្រឹក នៅចំណុច មុខភោជនីយ៍ដ្ឋាន ថ្មដា ផ្លូវកម្ពុជាក្រោម សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្រោមវិធានការជំនាញ រូបគេបានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា មុនធ្វើសកម្មភាព បក្ខពួកខ្លួនឈ្មោះ ភ័ណ្ឌ ភេទប្រុស បានជិះម៉ូតូ ១គ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពុំចាំស្លាកលេខ មកយករូបខ្លួន នៅចំណុចផ្លូវ២៨៨ កែងផ្លូវ១៤៣ ដើម្បីជិះធ្វើសកម្មភាពឆក់សម្ភារ:មានតម្លៃពីប្រជាពលរដ្ឋ ដែលធ្វើដំណើរលើដងផ្លូវ លុះពេលពួកគេជិះមកដល់មុខភោជនីយ៍ដ្ឋាន ថ្មដា ក៏ឃើញបុរសម្នាក់ចុះពីលើកងបី ហើយឈរនិយាយទូរស័ព្ទ រូបគេទាំង ២នាក់ បានជិះទៅក្បែរ ហើយបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេច ហើយបានជិះម៉ូតូគេចខ្លួន ទៅផ្ទះលេខ៩៧E0Z ផ្លូវ២៩២ សង្កាត់ទួលទំពូង ខណ្ឌចម្ការមន រាជធានីភ្នំពេញ ហើយរូបគេទាំង ២នាក់ ក៏បែកផ្លូវគ្នា។ លុះដល់វេលាម៉ោង ១០និង៣០នាទី រូបគេបានឃើញបុរសម្នាក់ដើរកាត់មុខផ្ទះ ដែលរូបគេស្នាក់នៅ ដោយសង្ស័យថា ជាសមត្ថកិច្ច ក៏បានរត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចអាវុធហត្ថនៅក្បែរនោះឃាត់ខ្លួនតែម្តង។

រូបគេបានប្រាប់បន្ថែមទៀតថា កន្លងមកក្នុងអំឡុងឆ្នាំ២០១៩នេះ រូបគេ និងបក្ខពួកធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីប្រជាពលរដ្ឋ ចំនួន ២លើក
លើកទី១៖ ឆក់ទូរស័ព្ទពីបុរសម្នាក់ ជិះម៉ូតូកង់បី មិនបានសម្រេច នៅចំណុចម្តុំបឹងកេងកង
លើកទី២៖ ឆក់ទូរស័ព្ទពីបុរសម្នាក់ ដែលកំពុងធ្វើដំណើរលើដងផ្លូវ បានសម្រេចនៅចំណុចម្តុំពេទ្យចិន៕

មតិយោបល់