ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌមានជ័យ បានឲ្យដឹងថា នៅេសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ នេះ លោក អ៉ី ឋាវរៈ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែង បុរសជាប្តី ដែលវាយប្រពន្ធខ្លួនឯងខៀវភ្នែក ឲ្យមានសេរីភាពវិញហើយ ដោយដាក់ជនត្រូវចោទក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
លោក ងិន ពេជ្រ ជាតំណាងអយ្យការបាន ឲ្យដឹងតាមទូរសព្ទនៅល្ងាចនេះថា ក្រោយពីពិនិត្យសំណុំរឿង លោកបានបើកការស៊ើបសួរ ដោយសម្រេចចោទប្រកាន់ លើឈ្មោះ សរ ចន្នីរឹទ្ធ ភេទប្រុស ពីបទ អំពើហិង្សាប្រព្រឹត្តដោយ សហព័ទ្ធ ឬអនីតិសង្វាសជន ប្រព្រឹត្តកាលពីវេលាទាបភ្លឺថ្ងៃទី២៦ ខែ មីនា ឆ្នាំ២០១៨ យោងតាមមាត្រា ២២២ នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមនឹងការជាប់ពណ្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ។
លោកព្រះរាជអាជ្ញារង ងិន ពេជ្រ ថាលោកបានបញ្ជូនសំណុំរឿងនេះទៅ ចៅក្រមស៊ើបសួរ ដោយស្នើសុំឲ្យ ឃុំខ្លួនជនត្រូវចោទ ប៉ុន្តែបើចៅក្រមស៊ើបសួរ មិនឃុំខ្លួនជននោះ គឺជាឆន្ទានុសិទ្ធិរបស់ចៅក្រមស៊ើបសួរ។
លោកបន្ថែមថា មកដល់ពេលនេះលោកមិនទាន់បានទទួលសេចក្តីជូនដំណឹងពី ចៅក្រមស៊ើបសួរ អំពីការសម្រេចមិនឃុំខ្លនជនត្រូវចោទខាងលើនៅឡើយទេ។
សូមបញ្ជាក់ថា សមត្ថកិច្ចប៉ុស្តិ៍របាលបឹងទំពុនទី២ បានឃាត់ខ្លួន ជនត្រូវចោទឈ្មោះសរ ចន្នីរឹទ្ធកាលពីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ ម្សិលមិញ តាមបញ្ជារបស់លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាចជធានីភ្នំពេញ។
គួររំលឹកថា កាលពីវេលាទៀបភ្លឺថ្ងៃទី២៦ ខែ មីនា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ សរ ចន្នីរឹទ្ធ ជាប្ដីបានប្រើហិង្សា វាយប្រពន្ធខ្លនខៀវភ្នែក។ បន្ទាប់មក ប្រពន្ធបានទៅប្តឹង នគរបាលប៉ុស្តិ៍រដ្ឋបាលបឹងទំពុនទី២ និងបានបង្ហោះហ្វេសប៊ុកអំពាវនាវឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ផ្អើលដល់ លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ និងអ្នកលេងហ្វេសប៊ុក ជាច្រើននាក់៕
មតិយោបល់