កំពង់ធំៈ ដោយសារតែមានការឃុបឃិតគ្នាជាប្រព័ន្ឋ តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមក្នុងការអនុញ្ញាតបើកដៃឲ្យឈ្មួញឈូសឆាយដីព្រៃឡង់យ៉ាងអនាធិបតេយ្យ ខណៈពេលដែលព្រៃឡង់ត្រូវបាន ប្រមុខរាជរដ្ឋាភិបាល និងប្រជាជនទូទាំងប្រទេស ផ្តល់សារៈសំខាន់ ក្នុងការថែរក្សា និងអភិរក្យព្រៃឡង់ តែមកដល់ពេលនេះ ព្រៃឡង់កំពុងតែធ្លាក់ក្នុងកណ្តាប់ដៃឈ្មួញ ហើយបាននាំយកគ្រឿអចក្រមកឈូសឆាយព្រៃឡង់យ៉ាងរំភើយ ដោយមិនខ្វល់ពីផលប៉ះពាល់។ ទិដ្ឋភាពនេះ ត្រូវបានថតនៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចស្ទឹងតូច ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
សកម្មភាពឈូសឆាយដីព្រៃឡង់យកធ្វើជាកម្មសិទ្ធិនេះ ដោយមានគ្រឿងចក្រចំនួន៤គ្រឿង ក្រោយពីអ្នកសារព័ត៌មានបានទទួលដំណឹង និងសំណូមពររបស់ប្រជាពលរដ្ឋឲ្យជួយចុះមកមើលថា ព្រៃឡង់ ត្រូវបានឈ្មួញឈូសឆាយរាប់ពាន់ហិកតា ដោយជ្រកក្រោមការបន្លំថា ជាដីសម្បទានសង្គមកិច្ច ស្របពេលដែលមេព្រៃ បដិសេធន៍ថា ជាដីរបស់បរិស្ថាន ចំណែកមន្ត្រីបរិស្ថានឆ្លើយថា ដីរបស់មេព្រៃ ភាពមិនប្រកតីនេះបានធ្វើឲ្យស្ថាប័នបរិស្ថាន ក្តៅស្លឹកត្រចៀក បញ្ជាផ្ទាល់ដោយលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថាន ឲ្យមន្រ្តីរបស់ខ្លួនដឹកនាំកម្លាំងចុះឃាត់គ្រឿងចក្រតែម្តង។
យោងតាមការអះអាងរបស់ប្រជាពលរដ្ឋ ដែលសុំមិនបញ្ជេញឈ្មោះជាច្រើននាក់ បានឲ្យដឹងថា ឈ្មួញឈ្មោះ ឃៀង សៀងហី និងលោក យិម គឹមលៀង និងម្នាក់ទៀត មិនស្គាល់ឈ្មោះ គឺបានប្រើល្បិចយកឈ្មោះប្រជាពលរដ្ឋទៅសុំអភិបាលខេត្តដើម្បីសុំដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រ នៅពេលដែលបានហើយចំណារបស់ ខេត្តហើយចំនួនជាង២០០០ហិកតា តែឈូសឲ្យប្រជាពលរដ្ឋតែ៥០ហិកតា ចំណែកដីដែលនៅសល់គឺបក្សទាំង៣នាក់ បានដាក់ឈ្មោះប្រជាពលរដ្ឋក្នុងម្នាក់៣ហិកតា ដោយគ្រាន់តែជាការឈរឈ្មោះ និងបានទទួលកម្រៃពីក្រុមឈ្មួញ ហើយក្រុមឈ្មួញទាំងនេះក៏បានអះអាងថា ជាដីរបស់ប្រជា ពលរដ្ឋដែលពួកគេបានទិញ តែភាពពិត គឺព្រៃឡង់សុទ្ធសាធ ពុំមែនដីបុស្សចម្ការ ដីធ្លាប់អាស្រ័យផលនោះទេ គឺជាដីព្រៃស្រោង។
លោក ឡង គីសឹង អភិបាលស្រុកសណ្តាន់ បានបដិសេធទាំងស្រុង ចំពោះការឈូសឆាយដីព្រៃឡង់នេះ ដោយសារលោកពុំបានទទួលលិខិតស្នាម ឬសេចក្តីជូនដំណឹងអ្វីទាំងអស់ ហើយក៏បានសហការយ៉ាងពេញ ទំហឹងជាមួយសមត្ថកិច្ចដើម្បីវែកមុខរក អ្នកនៅពីក្រោយខ្នងបនៃការឈូសឆាយដីព្រៃឡង់នេះ ។
លោក ឃៀង សៀងហី ជាឧក្រិដ្ឋជនព្រៃឈើ បានធ្វើសកម្មភាពឈូសដីព្រៃនេះ គ្រាន់តែលើទូរស័ព្ទលឺសុំធ្វើបទសម្ភាស គាត់និយាយបានត្រឹមតែ ខ្ញុំឈូសដីរបស់ប្រជាជន ហើយបានបិទទូរស័ព្ទពុំអាចហៅចូលបាន។
ឯកឧត្តម សុខ លូ អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកសណ្តាន់ បានមានប្រសាសន៍ថា ការឈូសឆាយដីព្រៃឡង់ ហើយអះអាងថាជាដីសម្បទានសង្គមកិច្ចនេះ គឺមិនពិតដូចការលើកឡើរបស់ឈ្មួញនោះទេ ព្រោះថាដីសម្បទានសង្គមកិច្ច គឺសម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រ ឲ្យគាត់រស់នៅស្របច្បាប់ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល មិនមែនដីសម្បទានសង្គមកិច្ចធ្លាក់ទៅលើ ដៃឈ្មួញនោះទេ បើដីសម្បទានសង្គមកិច្ចហេតុអ្វីបានជាមិនបានដល់ដៃប្រជាពលរដ្ឋ៕
មតិយោបល់