កំពង់ចាមៈ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៤និង៥០នាទីល្ងាច មានការសុំអន្តរាគមន៍ ក្នុងករណីចោរលួចម៉ូតូពីភ្នំពេញទៅដល់ចំណុចទឹកដីឃុំស្រង៉ែ ស្រុកព្រៃឈរ ហើយម៉ូតូសេ ១២៥ ស៊េរី២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CQ-6003 កាំបន្ទះ ពណ៌ខ្មៅ។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ បានដឹកនាំនឹងបញ្ជាកម្លាំងចេញល្បាតពួនស្ទាក់តាមគោលដៅទាំងអស់លុះដល់ម៉ោង៥និង២០នាទីល្ងាច កម្លាំងសមត្ថកិច្ចបង្រ្កាបឃាត់បានជនសង្ស័យ ឈ្មោះ មុត ឆេងប៉ាវ ភេទប្រុស អាយុ២០ឆ្នាំ ស្រុកកំណើតនៅភូមិត្រពាំងធំ ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម សព្វថ្ងៃស្នាក់នៅបុរីពិភពថ្មីកំបូល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរជាកម្មករលីសែង (ខារ៉ាបាវដាក់ឡាន) និងវត្ថុតាងម៉ូតូសេ១២៥ សេរី២០១៤ ពណ៌ខ្មៅកាំបន្ទះ ពាក់ស្លាកលេខ ភ្នំពេញ 1CQ-6003។
តាមចម្លើយជនសង្ស័យបានឆ្លើយសារភាពបឋមថា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ ខ្លួនបានខ្ចីម៉ូតូខាងលើនេះ(កម្មករដូចគ្នា)មិនស្គាល់ឈ្មោះ រស់នៅជាមួយគ្នា ហើយខ្លួនបានលួចចម្លងសោទុកលុះដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ម៉ោងប្រហែល១២ជាងថ្ងៃ ខ្លួនក៏លួចយកម៉ូតូដែលខ្ចីកន្លងមកខណៈដែលម្ចាស់កំពុងលើកអីវ៉ាន់(ខារ៉ាប៉ាវ)ដាក់ឡាននៅចំស្តុបអូឌឹម ហើយខ្លួនបានជិះយកមកដល់ចំណុចផ្សារផ្អាវ ស្រុកបាធាយ ខ្លួនចូលកន្លែងជាងម៉ូតូហើយខ្ចីកូនសោជាងដោះស្លាកលេខម៉ូតូទុកក្នុងបាឡូស្ពាយពីក្រោយ ហើយបន្តជិះមកដល់ផ្ទះទុកបាឡូនៅផ្ទះហើយខ្លួនបានជិះយកមកលាងហើយស្រាប់តែសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងរក្សាទុកនៅអធិកាដ្ឋាននគរបាលស្រុកព្រៃឈរដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់