អចលន​ទ្រព្យ

ជិះរថភ្លើង ពីក្រុងប៉ោយប៉ែត-សិរីសោភ័ណ ដោយឥតគិតថ្លៃ រយៈពេល ៤ខែ

កាលពីម្សិលមិញនេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងពីធីបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវ កំណាត់ផ្លូវរថភ្លើងពីក្រុងប៉ោយប៉ែត(ព្រំដែនកម្ពុជា-ថៃ) ទៅសិរីសោភ័ណ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រុមហ៊ុន Royal Railway ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋផងដែរ។

កំណាត់ផ្លូវដែកពីក្រុងប៉ោយប៉ែត ទៅសិរីសោភ័ណនេះ មានប្រវែង ៤៨គីឡូម៉ែត្រ មានស្ថានីយ៍ចំនួន ៦ រួមមាន ស្ថានីយ៍សិរីសោភ័ណ ស្ថានីយ៍ទឹកថ្លា ស្ថានីយ៍សាលាសំរោង ស្ថានីយ៍សូភី ស្ថានីយ៍កូប និងស្ថានីយ៍ប៉ោយប៉ែត ដោយប្រើថេរវេលា ១ម៉ោងនិង ១៥នាទី ក្នុងល្បឿន ៤០គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចផ្ទុកអ្នកដំណើរបានប្រមាណ ១០០នាក់ ចេញដំណើរមួយថ្ងៃ ៣ជុំ ស្មើនឹង ៦ជើងក្នុងជំហានដំបូង។

ការដាក់ឲ្យដំណើរការនូវកំណាត់ផ្លូវដែកនេះ បានជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ កសិផលរបស់ប្រជាកសិករទៅកាន់ទីផ្សារគោលដៅ និងទាក់ទាញការវិនិយោគបង្កើតការងារជូនប្រជាពលរដ្ឋ និងជាច្រកយុទ្ធសាស្ត្រយ៉ាងសំខាន់តភ្ជាប់ផ្លូវដែកកម្ពុជា ទៅកាន់ផ្លូវដែកក្នុងតំបន់អាស៊ាន ជាផ្លូវរបៀងសេដ្ឋកិច្ចប្រកបដោយសក្ដានុពល និងជួយសម្រួលដល់លំហូរនៃការធ្វើពាណិជ្ជកម្ម ទេសចរណ៍ ភស្តុភារកម្ម និងវិនិយោគិន។

លើសពីនេះទៅទៀត កំណាត់ផ្លូវដែកមួយខ្សែនេះ បានជួយសម្រួលដល់ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ការខូចខាតផ្លូវ និងការបំពុលបរិស្ថានផងដែរ។

ជាមួយគ្នានេះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសំណូមពរដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលមានភូមិស្ថានអមសងខាងផ្លូវដែកនេះ បន្តសហការដើម្បីឲ្យគម្រោងនេះអាចសម្រេចបានជោគជ័យជាស្ថាពរ និងជួយថែរក្សាសម្បត្តិដ៏មហាសាលនេះឲ្យបានគង់វង្សយូរអង្វែង ព្រមទាំងប្រុងប្រយ័ត្នចំពោះកូនចៅក៏ដូចជាសត្វពាហនៈ ដែលឆ្លងកាត់លើកំណាត់ផ្លូវនេះ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។

ដើម្បីអបអរសាទរបុណ្យឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើរដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី៤ ខែមេសា ដល់ ថ្ងៃទី១ សីហា ២០១៨៕

មតិយោបល់