ភ្នំពេញៈ ស្រ្តីម្នាក់បានជិះម៉ូតូ១គ្រឿងឌុបក្មួយស្រីពីក្រោយហើយបានកិនចិញ្ចើមផ្លូវ បណ្ដាលឲ្យផ្លាតដួលខ្ទាតទៅលើផ្លូវ ស្របពេលនោះមានរថយន្តកុងតឺន័រទៅដល់កិនស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងតែម្ដង។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៥៥នាទីរសៀល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវអូរដឹមកប់ស្រូវ ត្រង់ចំណុចភូមិស្រៃរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា រងគ្រោះឈ្មោះសឿន សុជាតិ ហៅ ញ៉ាញ់ អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិទួលសុភី ឃុំវាលស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ នៅមុនពេលកើតហេតុស្រ្តីរងគ្រោះបានជិះម៉ូត១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FU-1971 ដឹកក្មួយស្រីម្នាក់ពីក្រោយ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុក៏បានកិនចិញ្ចើមផ្លូវបណ្ដាលឲ្យផ្លាតដួលហើយស្របពេលនោះមានរថយន្តដេកកុងតឺន័រ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ3A2417 ទៅដល់កិនបែកក្បាលស្លាប់តែម្ដង។
ក្រោយពេលកើតហេតុ នគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះវាស់វែងនិងចាត់ការតាមច្បាប់៕
មតិយោបល់