ព័ត៌មានជាតិ

លួចកាច់សោ.កម៉ូតូគេបានសម្រេច នាំគ្នាបណ្តើររត់ ត្រូវប៉ូលិសឃើញក្របួចបានដដែល!

កណ្តាល: លោកអធិការស្រុកអង្គស្នួល បានប្រាប់Post Newsថា ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីលួចកាច់សោ.កម៉ូតូ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី យប់ឈានចូលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខបន្ទប់ជួលភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះមានឈ្មោះ ជឿន វ៉ាន់ដា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិអន្លង់ស្វាយ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យមានឈ្មោះ ម៉ៅ មឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិត្រពាំងសុព័រ ឃុំឆក់ឈើនាង ស្រុកអង្គ
ស្នួល ខេត្តកណ្តាល។ ចំណែក២នាក់ទៀតរត់បាត់។ ដកហូតបាន ម៉ូតូម៉ាកម៉ាកស៊ុយសាគីឡែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GH-1340 ចំនួន១, កូនសោម៉ូតូភ្ជាប់ដោយប្រដាប់ឆ្កឹះសោចំនួន២ , ទូណឺវិសចំនួន១ , សោខ្សៀចំនួន១ , មួកសុវត្ថិភាពចំនួន២ និងមួកកាតឹប ពណ៌ខ្មៅ ចំនួន១។

មុនពេលកើតហេតុ ជនរងគ្រោះបានយកម៉ូតូទុកនៅមុខបន្ទប់ជួលដោយចាក់សោ.ក ត្រឹមត្រូវហើយចូលទៅដេកនៅបន្ទប់សង្សារឈ្មោះ ហេង ជីងហ័រ ភេទស្រី អាយុ២០ឆ្នាំ នៅជាន់ទី២។ លុះដល់ម៉ោងខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន ល្បាតប្រទះឃើញជនសង្ស័យ៣នាក់កំពុងបណ្តើរម៉ូតូមានការសង្ស័យក៏ហៅឲ្យឈប់ ពេលនោះជនសង្ស័យបានស្ទុះរត់គេច ហើយកម្លាំងយើងដេញតាមឃាត់ខ្លួនបានម្នាក់។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យឈ្មោះ ម៉ៅ មឿន បានសារភាពថាខ្លួននិង បក្ខពួក២នាក់ ទៀតមានឈ្មោះ ជា ភេទប្រុស និងឈ្មោះកក ភេទប្រុស បានធ្វើសកម្មភាពកាច់សោ.ក ម៉ូតូខាងលើ ហើយបណ្តើរចេញដល់ផ្លូវជាតិលេខ៤ ស្រាប់តែជួបសមត្ថកិច្ចល្បាតហៅឲ្យឈប់ ទើប ខ្លួននិងបក្ខពួករត់គេច តែត្រូវបានសមត្ថកិច្ចដេញតាមឃាត់ខ្លួនបានវិញ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់