ព័ត៌មានជាតិ

ចោរវ័យក្មេងក្នុងចំណោមបក្ខពួក២នាក់ ឆក់ទូរសព្ទគេ ត្រូវប៉ូលិសឃាត់ខ្លួន!

ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក២នាក់ ត្រូវប្រជាពលរដ្ឋនាគ្នាជួយដេញចាប់ខ្លួន យកមកប្រគល់ឲ្យសមត្ថកិច្ច ក្រោយពីរូបគេបានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីស្ត្រីម្នាក់ដែលកំពង់ជិះលើម៉ូតូកង់បី ខណៈកំពុងកាន់និយាយ។

ករណីនេះបានកើតឡើងកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចជិតស្ពានអាកាស៧មករា ផ្លូវសហព័ន្ធរុស្ស៊ី ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ មួន បញ្ញាសាក់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកំណើតស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់។

ស្រ្តីរងគ្រោះមានឈ្មោះ ទូច សុម៉ាលី អាយុ៣៦ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតភូមិជ្រោយថ្មលើ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។

ប្រភពពីស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថានៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូកង់បីជាប្រភេទឡាំប៉ាតា រួមដំណើរជាមួយបងស្រីមកពីផ្សារអូឫស្សីក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ គាត់ក៏យកទូរសព្ទ១គ្រឿងម៉ាកអាយហ្វនសុិចភ្លើស កាន់នៅដៃបំណងតេទៅអ្នកផ្ទះ មិនទាន់នឹងបានតេផង ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា២ជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ​ភ្នំពេញ 1CE-3779 ជិះឌុបគ្នាមកពីក្រោយហើយបានធ្វើសកម្មភាពឆក់ទូរសព្ទពីគាត់តែមិនបានសម្រេចធ្វើអោយម៉ូតូជនសង្ស័យដួលហើយអ្នករត់ម៉ូតូកង់បីស្រែកថាចោរៗទើបប្រជាពលរដ្ឋនៅក្បែនោះនាំគ្នាជួយចាប់់បានម្នាក់យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លា ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួន។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីស្រ្តីរងគ្រោះពិតប្រាកដមែនតែមិនបានសម្រេច។បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់បន្តតាមនិតិវិធី៕

មតិយោបល់