(ភ្នំពេញ)៖ កាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៦ អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បានឱ្យដឹងថា អាជ្ញាធរថៃ បានឃាត់ខ្លួនពលករខ្មែរ ចំនួន ៣៥នាក់ (ប្រុស ១៨នាក់ ស្រី ១៧នាក់) នៅខេត្តឈុនបុរី នៅពេលដែលធ្វើដំណើរត្រឡប់មកកម្ពុជាវិញ ដោយពុំមានលិខិតធ្វើដំណើរ។
ទាក់ទិននឹងបញ្ហានេះ គឺពលករទាំងនោះ បានចូលទៅប្រទេសថៃ ធ្វើការដោយខុសច្បាប់ ក្រោយមកបានចុះឈ្មោះ បំរើការជាពលកររបស់ក្រុមហ៊ុនសំណង់ថៃ ឈ្មោះ Nattaphorn Co., Ltd. ដែលយល់ព្រមរត់ការ រៀបចំឯកសារឱ្យគាត់ បានក្លាយជាពលករស្របច្បាប់ តាមប្រព័ន្ធ MOU ប៉ុន្តែពួកគាត់ត្រូវបាន ប៉ូលិសថៃឃាត់ខ្លួន នៅពេលតំណាងក្រុមហ៊ុននេះ នាំគ្នាធ្វើដំណើរត្រឡប់មកកម្ពុជា វិញ ដើម្បីទទួលលិខិតឆ្លងដែន និងឯកសារចាំបាច់ សម្រាប់បំពេញបែបបទ ធ្វើជាពលករស្របច្បាប់ នៅប្រទេសថៃ។
មកទល់ពេលនេះ អាជ្ញាធរ ថៃ បានយល់ព្រម ដោះលែងពលករទាំង ៣៥នាក់នោះ ក្រោយពីមានអន្តរាគមន៍របស់ស្ថានឯកអគ្គរាជទូត កម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ។ ស្ថានទូត បានចេញលិខិតធ្វើដំណើរ បណ្ដោះអាសន្ន ដើម្បីឲ្យពួកគាត់ ធ្វើដំណើរវិលត្រឡប់មកកម្ពុជាវិញ។
ទន្ទឹមនឹងនេះ អាជ្ញាធរ ថៃ បានអនុញ្ញាតឱ្យពលករ-ពលការិនី ខ្មែរ និងអ្នករស់នៅក្នុងបន្ទុក ក្រោមអាយុ ១៨ឆ្នាំ ដែលពុំទាន់មានឯកសារត្រឹមត្រូវ អាចធ្វើដំណើរចេញពីខេត្ត នានា ដែលខ្លួនធ្វើការទៅខេត្តផ្សេង និងចេញពីប្រទេស ថៃ ទៅលេងស្រុកកំណើតនៅ កម្ពុជា ហើយនឹងវិលត្រឡប់ ចូលមកប្រទេស ថៃ វិញ ដើម្បីបន្តធ្វើការងារ នៅកន្លែងដើម ក្រោយឱកាសឈប់សម្រាក ចូលឆ្នាំខ្មែរ ប្រពៃណីជាតិ រយៈពេល ១០ថ្ងៃ ដោយពុំតម្រូវឱ្យបង់ថ្លៃសេវាកម្ម អ្វីទាំងអស់ នៅច្រកព្រំដែន។
ពលករ-ពលការិនី ដែលកាន់ឯកសារច្បាប់ដើម ដូចខាងក្រោម អាចធ្វើដំណើរចេញពីប្រទេសថៃ គិតចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ និងវិលត្រឡប់មកកន្លែងការងារ នៅថៃវិញ មិនឱ្យហួសពីថ្ងៃទី២០ ខែមេសា ឆ្នាំ ២០១៦៖
– ប័ណ្ណស្នាក់នៅបណ្ដោះអាសន្ន (ប័ណ្ណស៊ីជំពូ) ច្បាប់ដើម
– ឯកសារធ្វើដំណើរផ្សេងៗ មានជាអាទិ៍ លិខិតឆ្លងដែន លិខិតបញ្ជាក់អត្តសញ្ញាណ និង ឯកសារធ្វើដំណើររបស់ពលករនៅបរទេស។
គួរបញ្ជាក់ថា ឯកសារខាងលើ ទោះជាផុតសុពលភាពក្ដី ឬគ្មានទិដ្ឋាការក្តី ក៏អាចប្រើបានទាំងអស់៕
មតិយោបល់