ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

(ខ្សឹប) អីយ៉ា! ទាល់តែឈ្លោះគ្នា ទើបធ្លាយមុខបូស នៅច្រកទ្វារអន្តរជាតិបាវិត

ស្វាយរៀងៈ កាលពីថ្ងៃម្សិលមិញ នាយក្តាមប្រៃយើង បានចរយាត្រាទៅលេងបងប្អូននៅបាវិត ហើយបានបង្ហួសទៅញ៉ាំអាហារ និងផឹកកាហ្វេ នៅផ្សាររាត្រី ជាប់កាស៊ីណូមួយកន្លែង ក្បែរព្រំដែនច្រកអន្តរជាតិបាវិត ក៏បានជួបនឹងអាពួកម៉ាកមួយក្រុម ដែលបម្រើការនៅច្រកនោះ ហើយក៏ផឹកកាហ្វេជុំគ្នា។ នៅពេលផឹកកាហ្វេ ក្រុមអាពួកម៉ាក ដែលជាក្រុមមន្ត្រីនៅច្រកទ្វារអន្តរជាតិបាវិត ខេត្តស្វាយរៀង ជាប់នឹងព្រំប្រទល់ប្រទេសវៀតណាម បាននាំគ្នាខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងថា បូសនៅច្រកអន្តរជាតិបាវិត ដែលវាទំប៉ោង ហើយរកកល់នឹងធ្លាយខ្ទុះស្អុយចេញមកនោះ ឥឡូវនេះ វាធ្លាយមកហើយ ហើយស្អុយសាយភាយពេញច្រកអន្តរជាតិបាវិត ទាំងមូលតែម្តង។

ក្រុមមន្ត្រីទាំងនោះ បានខ្សឹបប្រាប់នាយក្តាមប្រៃយើង យ៉ាងដូចច្នេះថា បូសដែលធ្លាយស្អុយនោះ មិនមែនមនុស្សកើតបូសអីទេ តែវាជារឿងអាស្រូវ នៃអំពើពុករលួយរបស់មន្ត្រីនៅច្រកអន្តរជាតិបាវិតនេះ ត្រូវបែកធ្លាយ ក្រោយពីមន្ត្រីមានលិឍ្ឍ និងភ្ញៀវទេសចរណ៍ បានឈ្លោះប្រកែកគ្នាបែកអូរហូរស្ទឹង។

ក្រុមមន្ត្រីនៅច្រកអន្តរជាតិបាវិត បានខ្សឹបប្រាប់នាយក្តាមប្រៃយើង យ៉ាងដូច្នេះទៀតថា ការធ្លាយរឿងអាស្រូវ នៃអំពើពុករលួយ ដ៏ធំធេងនេះ វាកើតចេញពីក្រុមមន្ត្រីបានលិឍ ដែលមានបុរសវ័យក្មេងអាយុប្រមាណ២៧ឆ្នាំ ឈ្មោះ សីហា ជាកូនប្រុសលោកអភិបាលស្រុកស្វាយអន្ទរ និងត្រូវជាក្មួយបង្កើតរបស់ប្រធានច្រកអន្តរជាតិបាវិត លោក ខាត់ សារ៉ាត់ ផងដែរ ដែលគេដឹងថា ជាអ្នករត់ការគ្រប់ផ្នែកទាំងអស់។ រីឯម្ខាងទៀត ជាក្រុមឈ្មួញអ្នករកស៊ីធំៗ ពិសេសជាមួយភ្ញៀវទេសចរណ៍ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ ហើយពួកគេបានឈ្លោះហែកហួរគ្នា ដូចនៅក្នុងផ្សារត្រីអញ្ចឹង។

ក្រុមមន្ត្រីទាំងនោះ នៅបានខ្សឹបប្រាប់នាយក្តាមប្រៃយើង ឲ្យដឹងទៀតថា នៅច្រកអន្តរជាតិបាវិតនេះ អ្នកណាៗក៏គេស្គាល់បុរសវ័យក្មេងជើងខ្លាំងឈ្មោះ សីហា ជាក្មួយប្រុសលោក ខាត់ សារ៉ាត់ ប្រធានច្រកបាវិតដែរ ពិសេស គឺពួកឈ្មួយដែលរកស៊ីទំនិញគេចពន្ធ មិនអាចរំលងលោក សីហា នេះបានឡើយ។

ប្រភពនៅបានខ្សឹបប្រាប់នាយក្តាមប្រៃយើង ឲ្យដឹងទៀតថា នៅច្រកអន្តរជាតិបាវិត ក្រុមហ៊ុនរថយន្តក្រុងដឹកភ្ញៀវទេសចរណ៍ចេញចូល គឺសុទ្ធតែមានការឃុបឃិតគ្នាជាមួយលោក សីហា នោះទាំងអស់ ព្រោះតែលោក សីហា គឺជាភ្នែកជាច្រមុះរបស់លោក ខាត់ សារ៉ាត់ ក្នុងការរកចំណូលក្រៅបញ្ជីពីក្រុមឈ្មួញ និងពីភ្ញៀវទេសចរណ៍។ ប្រភពខ្សឹបបន្តទៀតថា ចំពោះរថយន្តដែលដឹកភ្ញៀវចេញចូល គឺត្រូវបង់លុយពី១០ដុល្លារ ទៅ២០ដុល្លារអាមេរិក ហើយត្រូវដកលុយនេះ ពី១ម៉ឺន ទៅ២ម៉ឺនរៀល ជូនទៅលោក សីហា នេះដោយគ្មានការលើកលែងដល់អ្នកជំងឺនោះទេ លើកលែងតែអ្នកជំងឺក្រោកមិនរួច។

ក្រុមមន្ត្រីទាំងនោះ នៅខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងទៀតថា រថយន្តក្រុងវែងៗ ដែលសម្បូរភ្ញៀវដឹកចេញចូលច្រើនជាងគេនោះ គឺជារថយន្តរបស់ក្រុមហ៊ុន វ៉ាងរ៉ិច។ ក្រុមហ៊ុននេះ រួមទាំងអ្នកបើកបរផងដែរ បានឃុបឃិតយ៉ាងស្អិតរមួតខ្លាំងណាស់ រឿងស៊ូកប៉ាន់ក្រោមតុ។ ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែមិថុនាកន្លងទៅនេះ រថយន្តក្រុងរបស់ក្រុមហ៊ុន វ៉ាងរ៉ិច បានដឹកភ្ញៀវពេញ ហើយក្នុងចំណោមភ្ញៀវទាំងអស់មាន១១នាក់ អត់មានលិខិតឆ្លងដែនទេ ហើយអ្នករត់ការ ពោល គឺអ្នកបើករថយន្តបានបង់ប្រាក់ឲ្យមកលោក សីហា ដែលជាដៃស្តាំរបស់មេច្រកទ្វារបាវិត លោក ខាត់ សារ៉ាត់ នោះ លើអ្នកមានលិខិតឆ្លងដែននោះរួច ហើយពួកគេបានចូលមកដូចអ្នកស្របច្បាប់ធម្មតាដែរ។ ក្រៅពីនេះ រថយន្តដឹងភ្ញៀវ ពិសេសរថយន្តរបស់ក្រុមហ៊ុន វ៉ាងរ៉ិច តែងតែមានបង្កប់នូវទំនិញគេចពន្ធយ៉ាងច្រើនក្នុងមួយជើងៗ ដោយដាក់នៅបាតខាងក្រោមរថយន្ត ហើយម្ចាស់រថយន្តបានលួចបង់សេវ៉ាក្រៅជូនទៅលោក សីហា នោះរាល់ៗលើក មិនអាចរំលងបានឡើយ។

ក្រុមមន្ត្រីច្រកទ្វារអន្តរជាតិបាវិត ដដែលនោះ នៅបានខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងទៀតថា ប្រភពចំណូលក្រោមតុធំៗរបស់លោក សីហា ដៃស្តាំរបស់លោក ខាត់ សារ៉ាត់ នោះគឺរថយន្តកុងតឺន័រ ដែលចេញចូលម្តងៗ ត្រូវបង់ជូនលោក សីហា ចាប់ពី១៥០០ដុល្លារ ទៅ៣០០០ដុល្លារអាមេរិកឯណ្ណោះ។ ប្រភពបានខ្សឹបបញ្ជាក់ថា សកម្មភាពស៊ីចុកយ៉ាងចំហររបស់លោក សីហា នោះត្រូវបានមន្ត្រីផ្សេងៗបានដឹងគ្រប់ៗគ្នា តែពួកគេមិនហ៊ាននិយាយ មិនហ៊ានក្អកអីនោះទេ ព្រោះខ្លាចអំណាចប្រធានច្រកលោក ខាត់ សារ៉ាត់ ឡើងរួញពងអស់ហើយ ដល់អញ្ចឹងម្នាក់ៗចេះតែធ្វើហីៗ ស្ងាត់រហូតមកដល់ធ្លាយមុខបូសនៅពេលមានទាស់ពាក្យសម្តីគ្នា នាថ្ងៃទី១៨ ខែមិថុនានោះ៕

មតិយោបល់