ព័ត៌មានជាតិ

បុកទាំងព្រលឹម! រថយន្តសាំយ៉ុងបត់ឆ្លងផ្លូវ ត្រូវរថយន្តហាយឡែនឌ័របុកពេញទំហឹង រងការខូចខាតទាំងសងខាង

​ភ្នំពេញ: រថយន្តសាំយ៉ុង១គ្រឿង ខណ:ដែលកំពុងបើកបរបត់ឆ្លងផ្លូវស្រាប់តែមានរថយន្ត១គ្រឿងទៀតម៉ាកហាយឡែនឌ័រទៅដល់ វ៉ាក់ជាន់ហ្វ្រាំងមិនជាប់ គេចចេញមិនទាន់ក៏បានបុកពេញទំហឹងចំពាក់កណ្ដាល បណ្ដាលឲ្យរងការខូចខាតទាំងសង្ខាងតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ នៅលើផ្លូវអូរដឹមកប់ស្រូវ ត្រង់ចំណុចភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភព័ត៌ពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តសាំយ៉ុង ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2W-6493 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ។ ចំណែករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AJ-9591 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះដូចគ្នាដែរ។

ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុ រថយន្តសាំងយ៉ុងបើកបរធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវ។ ស្របពេលនោះរថយន្តហាយឡែនឌ័របើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងទៅដល់បុកចំពាក់កណ្ដាលខ្លួនពេញទំហឹង បណ្ដាលឲ្យរងការទាំងសង្ខាង។ ប៉ុន្តែសំណាងល្អមិនបានបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះឡើយ ហើយក្រោយពេលកើតហេតុភាគីទាំងពីរបានសម្របសម្រួលគ្នាបញ្ចប់រឿងនិងយករថយន្តទៅធ្វើការជួសជុលរៀងៗខ្លួន៕

មតិយោបល់