កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញពីភាពចន្លោះប្រហោងនៅក្នុងកម្មវិធីសម្រាប់គ្រប់គ្រងឧបករណ៍បច្ចេកវិទ្យាមានដូចជា វីដេអូកាមេរ៉ា និងឧបករណ៍សម្រាប់ឃ្លាំមើលកុមារ ប្រភេទអត់ប្រើខ្សែ (wireless) ដែលអាចឱ្យជនខិលខូចស្កាត់យកសំឡេង ឬវីដេអូ ពីឧបករណ៍ទាំងនោះបាន។
កម្មវិធីដែលមានភាពចន្លោះប្រហោងនេះគឺជាកម្មវិធីដែលបានបង្កើតឡើងដោយក្រុមហ៊ុន ThroughTek របស់កោះតៃវ៉ាន់ ហើយដែលត្រូវបានប្រើជាមួយនឹងឧបករណ៍បច្ចេកវិទ្យារាប់រយលានគ្រឿងរបស់ក្រុមហ៊ុនធំៗរាប់បញ្ចូលទាំងក្រុមហ៊ុន Xiaomi ផងដែរ។
ទោះបីជាការវាយប្រហារនេះទាមទារឱ្យជនអនាមិកមានចំណេះដឹងច្រើនទាក់ទងទៅនឹងដំណើរការរបស់កម្មវិធីក្ដី ក៏ក្រុមហ៊ុន ThroughTek បានប្រកាសឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពកម្មវិធី ប្រសិនបើក្រុមហ៊ុនរបស់ឧបករណ៍បានធ្វើការកែសម្រួលកម្មវិធីហើយនោះ។
នេះមិនមែនជាលើកទីមួយទេដែលក្រុមអ្នកស្រាវជ្រាវបានរកឃើញពីភាពចន្លោះប្រហោងជាមួយនឹងកម្មវិធីឧបករណ៍បច្ចេកវិទ្យា IoT ដោយសារតែក្រុមហ៊ុនផលិតពុំបានចំណាយពេលវេលា ឬថវិកាដើម្បីធ្វើការស្រាវជ្រាវ និងការពារសុវត្ថិភាពឧបករណ៍ទាំងនេះ ព្រោះប្រទេសនៅជុំវិញពិភពលោកភាគច្រើនពុំទាន់មានច្បាប់សម្រាប់គ្រប់គ្រងឧបករណ៍ទាំងនេះនៅឡើយទេ។
ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា នាយកដ្ឋានសូមណែនាំអ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់វីដេអូកាមេរ៉ា (wireless) នៅក្នុងគេហដ្ឋាន។ សូមកុំដាក់វានៅក្នុងបន្ទប់ដែលលោកអ្នកចង់រក្សាការសម្ងាត់ ហើយលោកអ្នកគួរតែបិទវាចោលប្រសិនបើមិនត្រូវការប្រើក្នុងរយៈពេលវែងនោះ៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
មតិយោបល់