ភ្នំពេញៈ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយម៉ូតូសណ្តោងរ៉ឺម៉ក ព្យាយាមបើកវ៉ាជែងរថយន្តចំនួន២គ្រឿងខាងមុខតែមិនបានផុតត្រូវបានបុកម៉ូតូសង់កូរ៉េ បើកបញ្ច្រាសទិសយ៉ាងពេញទំហឹងតែម្តង។
ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ មុខច្រកចូលវិទ្យស្ថានវិទ្យាសាស្រ្តសុខាភិបាល កងយោធពលខេមរភូមិន្ទ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ភាគីម៉ូតូសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1K-7345 បើកបរដោយបុរសម្នាក់ ដែលគេស្គាល់ថាជាអ្នកបើកបររថយន្តស្វយ័ត នៅបុរីសន្តិភាព២ ស្លាប់ភ្លាមៗនៅកន្លែង ។ ចំណែកភាគីខាងម៉ូតូសណ្តោងរ៉ឺម៉ក ម៉ាក សង់កូរ៉េ បាញ់ថ្នាំពណ៌ខ្មៅ កែច្នៃ គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ រងរបួសធ្ងន់ ដែលពលរដ្ឋធ្លាប់ស្គាល់ ជារ៉ឺម៉កដឹកហ្គាស ។
តាមប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ រ៉ឺម៉កម៉ូតូបើកតាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង ល្បឿនលឿន ដល់ចំណុចខាងលើ ព្យាយាមបើកវ៉ាជែង រថយន្តធន់ធំ២គ្រឿងបើកនៅខាងមុខ តែមិនផុតសមដូចបំណងបែរជាទៅបុកម៉ូតូសង់កូរ៉េ បើកបញ្រ្ចាសទិស បណ្តាលឲ្យភាគីខាងម៉ូតូសង់កូរ៉េ ស្លាប់ភ្លាមៗនៅកន្លែង ចំណែកភាគីខាងម៉ូតូរ៉ឺម៉ករងរបួសធ្ងន់ធ្ងរ ។
ក្រោយកើតហេតុ ជនរងគ្រោះម្នាក់ត្រូវបានរថយន្តសង្រ្គោះរបស់មណ្ឌលសុខភាពពងទឹក ប្រទះជួប បានជួយដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។ ចំណែកឯជនរងគ្រោះម្នាក់ស្លាប់បាត់ជីវិត ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវរកសាច់ញាតិដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែក មធ្យោបាយទាំង២គ្រឿងក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបាននគរបាលជំនាញចុះទៅពិនិត្យ និងយកទៅរក្សាទុកនៅការិយាល័យចរចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់