ព័ត៌មានជាតិ

ឆក់កាបូប ជនបរទេស ភ្លាមប៉ូលិសក្របួចបានភ្លេត

ភ្នំពេញ: ក្រុមចោរជំនាញខាងឆក់កាបូប របស់ជនបរទេស២នាក់ ត្រូវកម្លាំងនគរបាលរបាល ផ្នែកយុត្តិធម៌ នៃអធិការដ្ឋាន នគរបាល ខណ្ឌដូនពេញ បានសហការជាមួយកម្លាំងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលនិង កងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ចុះជួយខណ្ឌដូនពេញ ដេញចាប់ បានភ្លាមៗទាំង២នាក់ បន្ទាប់ពីព្យាយាមឆក់កាបូប ពីស្រ្តីជនបរទេស២នាក់ ខណ:ជិះម៉ូតូកង់បី តែមិនបានសម្រេច កាលពីវេលាម៉ោង២២ និង២០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវនរោត្តម កែងផ្លូវ១៥៤ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ។

សមត្ថកិច្ច បានឲ្យដឹងថា ក្រុមជនសង្ស័យ២នាក់ ដែលឃាត់ខ្លួននេះ ទី១ឈ្មោះណាំ ធារិទ្ធ ហៅក្តឹប ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិត ប្រាកដ ស្នាក់នៅផ្ទះលេខ៣Eo ផ្លូវនរោត្តម សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ទី២ឈ្មោះសម្បត្តិ ភក្តី ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៩ ផ្លូវលេខ៨៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងដកហូតម៉ូតូ ដែលជិះធ្វើសកម្មភាព ម៉ាកស្កូបពី ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ១BN៦៦៦៥។ ចំណែក ជនរងគ្រោះមិនបាន ស្គាល់ឈ្មោះនោះទេ ព្រោះមិនបានបាត់បង់អ្វី ទើបទៅបាត់មិន បានដាក់ពាក្យបណ្តឹងនោះទេ។

សមត្ថកិច្ចបានបន្តទៀតថា នៅមុនពេលកើតហេតុ គឺកម្លាំងនគរបាល រដ្ឋបាលផ្នែកយុត្តិធម៌ នៃអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ បានសហការ ជាមួយកម្លាំង ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនិង កងកម្លាំង អន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចុះជួយ ខណ្ឌដូនពេញ បានចេញល្បាត នៅមូលដ្ឋានលុះមកដល់ចំណុចកើតហេតុស្រាប់តែ បានទទួលព័ត៌មាន ពីហេតុការណ៍ចោរ ធ្វើសកម្មភាព ឆក់កាបូប ពីជនបរទេស២នាក់ កំពុងជិះម៉ូតូកង់បី តែមិនបានសម្រេច ហើយគាប់ជួនពេលនោះ អ្នករត់ម៉ូតូកង់បី បានស្រែកឆោឡោថា ចោរៗនោះផង ទើបកម្លាំងបានឃើញពីភិនភាគនោះក៏ ដេញរហូតចាប់ខ្លួនបានទាំង២នាក់ ភ្លាមៗព្រមទាំងដកហូតវត្ថុតាងម៉ូតូដែលជិះ ធ្វើសកម្មភាពមួយគ្រឿង។ ចំណែកជនរងគ្រោះ គាត់មិនបាន បាត់បង់អ្វីឡើយ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ កំពុងតែឃាត់ខ្លួន នៅអធិការនគរបាល ខណ្ឌដូនពេញ ដើម្បី កសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕

ចោរ

មតិយោបល់