ភ្នំពេញៈ យុវជនឈ្មោះ លឹម លីហេង អាយុ១៧ឆ្នាំ ស្នាក់នៅភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ គឺជាម្ចាស់គណនី ហ្វេសបុក ឈ្មោះ Heng’MiNi SP’Team(SPTeam) ដែលបានល្បីឈ្មោះ ក្នុងសង្គមហ្វេសប៊ុក កាលពី ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ ព្រោះតែគណនី ហ្វេប៊ុករបស់គាត់បានបង្ហោះខ្លឹមសារមួយឃ្លាថា « ខ្ញុំមានលក់ទឹកកកនៅច្បារអំពៅទីតាំងនៅផ្ទះបងរុំ » ដោយមាន ភ្ជាប់ជាមួយរូបភាព ក្រាមពណ៌សថ្លា សង្ស័យថាជាថ្នាំញៀនប្រភេទមេតំហ្វេតាមីនទឹកកក ចំនួន០៣កញ្ចប់ផងដែរ។
គ្រាន់តែរយៈពេល១ថ្ងៃ គឺនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌច្បារអំពៅ បានស្រាវជ្រាវឃាត់ខ្លួនយុវជនក្លាហានយើង យកទៅសួរនាំនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ នៅចំពោះមុខសមត្ថកិច្ច យុវជន លឹម លីហេង បានរៀបរាប់ថា រូបខ្លួនពិតជាម្ចាស់ គណនីហ្វេសបុក ឈ្មោះ Heng’MiNi SP’Team(SPTeam) ពិតប្រាកដមែន ប៉ុន្តែខ្លឹមសារនិងរូបភាព ដែលប្រកាសនៅលើហ្វេសប៊ុកកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ ពុំមែនរូបគេជាអ្នកបង្ហោះផ្ទាល់ នោះទេ គឺមានអ្នកផ្សេងមានចេតនា បង្ហោះធ្វើបាបខ្លួនប៉ុណ្ណោះ ហើយម្នាក់នោះអាចជាបងធម៌របស់ ខ្លួនឈ្មោះ លី សុជាតិ ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នកបង្ហោះ ព្រោះខ្លួនធ្លាប់បានខ្ចី អាយផេតបងធម៌មកលេងហ្វេសប៊ុក ហើយមិនបានលុប អាខោនហ្វេសប៊ុករបស់ខ្លួនចេញពីអាយផេតនោះឡើយ ហើយមួយរយះចុងក្រោយនេះ បងធម៌ឈ្មោះលី សុជាតិ បានបបួលខ្លួន ទៅជក់គ្រឿងញៀនតែខ្លូនអត់ទៅជាមួយ ស្រាប់តែឃើញអាខោនហ្វេសប៊ុករបស់ខ្លួន មានបង្ហោះសារលក់ថ្នាំញៀនតែម្តង ហើយរូបខ្លួន មិនដឹងថាផ្ទះបងធម៌នោះ នៅឯណាទេ។
តាមការស្រាវជ្រាវ របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានរកឃើញថា រូបភាព ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ០៣កញ្ចប់ ដែល បង្ហោះនៅគណនី Facebook ខាងលើ គឺជារូបភាពវត្ថុតាង ដែលសមត្ថកិច្ចខណ្ឌច្បារអំពៅ បង្ក្រាបបាន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង២១និង០០នាទី នៅចំណុច ផ្ទះជួល គ្មានលេខ ផ្លូវ បេតុង ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅតែប៉ុណ្ណោះ ដោយពេលនោះសមត្ថកិច្ចបាន ឃាត់ខ្លួនបានជនសង្ស័យ ៣នាក់ ឈ្មោះ ហុង ឌី, ឈ្មោះ អ៊ែល ស៊ីណាត និង ឈ្មោះ លី ស្រីមុំ និងដកហូតវត្ថុតាង រួមមាន៖ ក្រាមពណ៌សថ្លា ០៣កញ្ចប់ថង់ធំល្មម ទំងន់ ១៣.៩៩ក្រាម (ដប់បីក្រាមកៅសិប ប្រាំបួន) សង្ស័យជាគ្រឿងញៀន ប្រភេទមេ តំហ្វេតាមីន, ឧបករណ៍ជក់គ្រឿងញៀនមួយចំនួន, ដែកចូកគ្រឿងញៀន០១, ដែកកេះ២, កន្រ្តៃ១,ទុយោជ័រមួយចំនួន និងកូនថង់ប្លាស្ទិចមួយចំនួន ព្រមទាំងបានកសាងសំ ណុំរឿង បញ្ជូនទៅសាលា ដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់រួចហើយ។ ប៉ុន្តែចំពោះជនសង្ស័យឈ្មោះ លីម លីហេង ត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ធ្វើតេស្តទឹកនោម បញ្ជាក់ថា មានជាប់សារធាតុញៀនក្នុងខ្លួន ក៏ត្រូវសមត្ថកិច្ចកសាងសុំណុំរឿង បញ្ជូនទៅតុលាការនារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ក្រោមការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀនវិញតែម្តង៕
មតិយោបល់