ព័ត៌មានជាតិ

សាំយ៉ុងបុកម៉ូតូ ប្តីស្លាប់ ប្រពន្ធនិងកូនរងរបួសធ្ងន់!

កំពត: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមនុស្ស៣នាក់ ស្លាប់និងរបួសធ្ងន់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៣៣ មុខផ្សារជុំគ្រៀល ភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

ជនរងគ្រោះអ្នកបើកបរម៉ូតូ មានឈ្មោះ ឈិន ហ៊ាង អាយុ២៥ឆ្នាំ(ជាប្តី ស្លាប់) និងអ្នករួមដំណើរ២នាក់ រងរបួសធ្ងន់ ត្រូវជាប្រពន្ធនិងកូន មានទីលំនៅភូមិឃុំកើតហេតុ។

មុនកើតហេតុ គេឃើញរថយន្តបង្កម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-7250 បើកបរលឿន ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះដែលជិះឌុបគ្នា៣នាក់ប្តី ប្រពន្ធនិងកូន ម៉ាកឌ្រីមសង់ សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CN-5191 ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យបុរសជាប្តីរបួសធ្ងន់ ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តកំពតបានស្លាប់ ចំណែកប្រពន្ធ និងកូន បានរងរបួសធ្ងន់ ក៏បានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តដូចគ្នាផងដែរ។

ក្រោយពីសមត្ថកិច្ចជំនាញ ចុះវាស់វែងរួច ក៏បាននាំយកវត្ថុតាង រថយន្ត និងម៉ូតូ ទៅរក្សាទុកនៅអធិការ ដ្ឋាននគរបាលស្រុកទឹកឈូ ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្តបង្ក មកដោះស្រាយគ្នា តាមផ្លូវច្បាប់៕

មតិយោបល់